នាយករដ្ឋមន្ត្រី លើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីកម្ពុជាទាំងអស់ ប្រឹងប្រែងដណ្តើមយកមេដាយមាស

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត ឱ្យ កីឡាករ កីឡាការិនីកម្ពុជាទាំងអស់ ប្រឹងប្រែងដណ្តើមយកមេដាយមាស ប៉ុន្តែមេដាយទាំងនោះ ត្រូវតែបានមកដោយសុច្ចរិត។
ការលើកឡើងរបស់សម្តេចតេជោ បែបនេះបានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញជួបសំណេះសំណាលជាមួយកីឡាករ-កីឡាការិនី នារសៀលថ្ងៃទី១ ខែឧសភាឆ្នាំ២០២៣នេះ។
សម្តេចបានថ្លែងថា ព្រឹត្តិការណ៍រៀបចំប្រកួតកីឡានាពេលនេះ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ បន្ទាប់ពីកម្ពុជាបានរៀបចំកាលពីឆ្នាំ១៩៦៦ ហើយប្រទានអគ្គិជ័យកីឡាដោយ ព្រះមហាក្សត្រ។
សម្តេចបន្តថា៖ «យើងធ្វើកិច្ចការរបស់យើង បានល្អប្រសើរ ហើយសូមអ្នកទាំងអស់គ្នា ប្រឹងយកឈ្នះមេដាយមាសឱ្យបានក្រែលបន្តិច ប៉ុន្តែរាល់មេរាល់មេដាយមាសទាំងអស់ ត្រូវតែជាមេដាយមាសសុច្ចរិត»។
សម្តេចបានបន្ថែមថា ទោះបីជាប្រកួតដោយមិនសុច្ចរិត ក៏គណៈកម្មការរៀបចំការប្រកួតមិនឱ្យនោះដែរ ដោយសារតែពេលនេះ ការប្រកួតកាន់តែសុក្រឹត្យ ដោយសារតែមានការពិនិត្យតាមវីដេអូកាមេរ៉ាផ្សេងៗ៕
