ប្រមុខរាជរដ្ឋាភិបាល សម្រេចលុបចោលអនុក្រឹត្យ ស្តីពីការអភិរក្សសត្វផ្សោត តែត្រូវគ្រប់គ្រងឱ្យបានមងក្រឡាធំ និងឧបករណ៍ឆក់

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យប្រជាពលរដ្ឋ រស់នៅក្នុងតំបន់ការពារសត្វផ្សោតនៃផ្នែកមួយខេត្តក្រចេះ និងខេត្តស្ទឹងត្រែង អាចរាយមងក្រឡាតូច ដើម្បីបម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនបានឡើងវិញ ប៉ុន្តែមិនអនុញ្ញាតឲ្យមានការដាក់មងក្រឡាធំ និងឧបករណ៍ឆក់នោះឡើយ ។
ក្នុងឱកាសអញ្ជើញបិទ និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីរាជការនៅសាលាភូមិន្ទរដ្ឋបាល នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «រឿងទាក់ទងនឹងអន្លង់ផ្សោត ដែលគ្រប់ដណ្តប់មួយផ្នែករបស់ខេត្តក្រចេះ និងមួយផ្នែករបស់ខេត្តស្ទឹងត្រែង ដោយសារតែផ្សោតវាបានស្លាប់ជាបន្តបន្ទាប់ ដោយសារការជាប់មង នៅពេលដែលខ្ញុំទៅបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គនៅឯខេត្តក្រចេះ ពេលនោះខ្ញុំក៏បានផ្តល់អនុសាសន៍ឲ្យរៀបចំតំបន់ស្នូល ហើយហាមឃាត់ការធ្វើនេសាទដោយមង ប៉ុន្តែបន្ទាប់ពីការអនុវត្តពីខែកម្ភៈ រហូតមកដល់ខែមេសានេះ ក៏មាននៅតែសត្វផ្សោតងាប់ដដែល ជាមួយគ្នានឹងផលប៉ះពាល់អ្នកនេសាទរាប់ពាន់គ្រួសារ ដូច្នេះយប់មិញនេះត្រូវបានទទួលការសម្រេចជ្រើសយកវិធានការមួយ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់នូវជម្រើសចំនួន៥ ក្នុងចំណោមជម្រើសទាំង៥នេះ ខ្ញុំបានជ្រើសរើសទី១ គឺលុបចោល អនុក្រឹត្យថ្មី ដែលចេញកាលពីខែកុម្ភៈ ដែលផ្សោតជាប់មង នៅតែជាប់មងដដែល ទទន្ទឹមគ្នាក៏មានផលប៉ះពាល់រាប់ពាន់គ្រួសារ អីចឹងក៏សម្រេចបែបនេះ ប៉ុន្តែអនុវត្តអនុក្រឹត្យថ្មី ត្រូវតែពង្រឹងនូវការគ្រប់គ្រងមងក្រឡាធំ បូកជាមួយនឹងការឆក់ រឿងវានៅកន្លែងនេះ មិនស្ថិតលើមង ឬមិនមងទេ»។
សូមជម្រាបថា ផ្សោតទឹកសាបជាថនិកសត្វមួយប្រភេទ ដែលមានដោយកម្រនៅលើពិភពលោក ហើយនៅមានព្រះរាជាណាចក្រកម្ពុជា។ ផ្សោតទឹកសាប ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម របស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ IUCN (International Union for Conservation of Nature) ជាប្រភេទសត្វកំពុងរងការគំរាមកំហែង៕
