នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ប្រាប់ដល់និស្សិត-សិក្ខាកាមត្រូវប្រើប្រាស់ចំណេះដឹង ដែលទទួលបានយកទៅអនុវត្តបំពេញភារកិច្ចនៅតាមបណ្តាស្ថាប័ន-កងឯកភាព ក្នុងបុព្វហេតុបម្រើជាតិ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក បានប្រាប់ដល់និស្សិត-សិក្ខាកាមទាំងអស់ប្រើប្រាស់ចំណេះដឹង និងចំណេះធ្វើ ដែលទទួលបានពីវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺន សម្រាប់យកទៅអនុវត្តបំពេញរាល់ភារកិច្ចនៅតាមបណ្តាស្ថាប័ន-កងឯកភាព ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជនរបស់យើង ឱ្យទទួលបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាព។
នាយឧត្តមសេនីយ៍មានប្រសាសន៍លើកឡើងបែបនេះ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ខណៈអញ្ជើញតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបិទវគ្គបណ្តុះបណ្តាល-ហ្វឹកហ្វឺនឆ្នាំ២០២២ និងបើកវគ្គបន្តឆ្នាំ២០២៣ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ និងបណ្ណាល័យ នៃសាកលវិទ្យាល័យការពារជាតិ។
នាយឧត្តមសេនីយ៍ បន្ថែមទៀតថា ចំពោះនិស្សិត-សិក្ខាកាមវគ្គថ្មី និងវគ្គបន្ត, សូមព្យាយាមបន្តនូវសកម្មភាព និងស្មារតីរបស់និស្សិត-សិក្ខាកាមជំនាន់មុនៗ ដែលបានទទួលជោគជ័យរួចមកហើយ ដោយត្រូវយកចិត្តទុកដាក់រៀនសូត្រក្រេបជញ្ជក់យកទាំងចំណេះដឹង និងបទពិសោធន៍ជាក់ស្តែងល្អៗ ពីសាស្ត្រាចារ្យ យោធាចារ្យ សម្រាប់ការអភិវឌ្ឍខ្លួនឯងឱ្យមានសមត្ថភាព និងគុណវុឌ្ឍិគ្រប់គ្រាន់ ដើម្បីទទួលរ៉ាប់រងរាល់ភារកិច្ចរបស់កងយោធពលខេមរភូមិន្ទក្នុងពេលចំពោះមុខ និងតទៅអនាគត៕
