ក្រុមការងារនាយកដ្ឋានច្រកទ្វារទី១ ក្រើនរំលឹកដល់មន្រ្តីប៉ុស្តិ៍ឲ្យយកចិត្តទុកដាក់ក្នុងការទទួលបដិសណ្ឋារកិច្ចចំពោះកីឡាករ និងភ្ញៀវអន្តរជាតិដែលមកចូលរួមប្រកួតនឹងទស្សនាការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍

ភ្នំពេញ៖ ដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ វឌ្ឍនៈ មង្គល ប្រធាននាយកដ្ឋានច្រកទ្វារទី១ លោកវរសេនីយ៍ទោ តូច វុទ្ធី អនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នាព្រឹកថ្ងៃអង្គារ៍ ៦កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចុះមកប្រជុំសំណេះសំណាលសួរសុខទុក្ខ ប្រជុំកងជួរ ត្រួតពិនិត្យកម្លាំងប៉ុស្តិ៍ និងចុះត្រួតពិនិត្យស្ថានភាពភូមិសាស្ត្រ តំបន់ប្រតិបត្តិការស្លាបឆ្វេង-ស្ដាំ និងជម្រៅ ដែលប៉ុស្តិ៍គ្រប់គ្រង ហើយបានធ្វេីការណែនាំដល់កម្លាំងតាមបណ្តាគោលដៅឲ្យយកចិត្តទុកដាក់បំរើសេវាជូនភ្ញៀវជាតិ-អន្តរជាតិឲ្យបានល្អ ធ្វើការត្រួតពិនិត្យ កត់ត្រាមធ្យោបាយ និងអ្នកដំណេីរចេញ-ចូលប្រទេស ព្រមទាំងបំពេញបែបបទ បញ្ជូលទិន្នន័យឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងប្រថាប់ត្រាអនុញ្ញាត ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។
ក្នុងនោះដែរក្រុមការងារ បានក្រើនរំលឹកដល់មន្រ្តីប៉ុស្តិ៍ឲ្យយកចិត្តទុកដាក់ក្នុងការទទួលបដិសណ្ឋារកិច្ចចំពោះកីឡាករ និងភ្ញៀវអន្តរជាតិដែលអញ្ជើញមកចូលរួមប្រកួតនឹងទស្សនាការប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ៕
