សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋ ទៅមើលការប្រកួតស៊ីហ្គេមផ្ទាល់ ឲ្យរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ ជៀសវាងការប្រជ្រៀតគ្នា ដែលប្រឈមហានិភ័យផ្សេងៗ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលទៅមើលផ្ទាល់សូមរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ ជៀសវាងការប្រជ្រៀតគ្នា ដែលបង្កឲ្យបាត់សណ្ដាប់ធ្នាប់ និងប្រឈមនូវហានិភ័យផ្សេងៗ។
ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ គណៈចលនាសាសនិកឥស្លាមគ្រប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា សរុបប្រមាណ ៣,៥៤០នាក់ ដែលធ្វើឡើងនៅវិមាន៧មករា ស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៦ ខែមេសា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងដោយក្តីមោទនភាពចំពោះភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់ប្រទេសកម្ពុជាយើង។ សម្តេចបន្តថា វិធានការណ៍នៃការចាក់ស្រោចវ៉ាក់សាំង គឺជាកត្តាសំខាន់បំផុតក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំងកូវីដ១៩ រួមជាមួយនឹងការចូលរួមសហការរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសសម្តេចក៏បានអរគុណដល់ប្រទេសដៃគូរទាំងអស់ដែលបានផ្តល់វ៉ាក់សាំងមកកម្ពុជា ជាពិសេសប្រទេសចិនដែលផ្តល់ច្រើនជាងគេ ទាំងការផ្តល់ជំនួយនិងការបញ្ជារទិញរបស់កម្ពុជា។
សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា ការយកឈ្នះលើកូវីដ១៩ គឺបានផ្តល់ឱកាសអោយយើងគ្រប់គ្នាបានជួបជុំគ្នាឡើងវិញ ជាពិសេសក្នុងពិធីស្រាយបួសកន្លងទៅនេះ យើងបានជួបជុំគ្នារហូតដល់ជាង៦ពាន់នាក់ ហើយក៏អនុញ្ញាតអោយយើងបើកដំណើរការប្រទេសជាតិជាប្រក្រតីភាពឡើងវិញផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ពីការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ១៩ ក្នុងនោះទាំងវិស័យទេសចរណ៍ សេវាកម្ម ជាដើមចាប់ផ្តើមងើបឡើងវិញហើយ។
សម្តេចបន្តថា កម្ពុជានឹងក្លាយអធិរាជស្វាយចន្ទីនាពេលខាងមុខ ហើយរាជរដ្ឋាភិបាលកំពុងជំរុញក្នុងការនាំចេញស្វាយចន្ទីអោយបានច្រើននាពេលខាងមុខផងដែរ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងដោយក្តីមោទនភាព នៃភាពជោគជ័យ នៃកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកន្លងទៅថ្មីៗនេះ ក្នុងនោះ ឯកសារជាង១០០ឯកសារត្រូវបានចេញសេចក្តីប្រកាស ដោយមិនមានឯកសារណាមួយរាំងស្ទះឡើយ។ ទាក់ទងនឹងព្រឹត្តិការណ៍ស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងពេលដ៏ខ្លីខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីសុំយកឱកាសនេះ រំលឹកបន្ថែមសារជាថ្មី ដល់បណ្តារាជធានីខេត្តនានា គឺត្រូវរៀបចំស្លាយវីដេអូផ្សាយបន្តផ្ទាល់អោយបានច្រើនកន្លែង ទាំងក្រុង និងខេត្ត ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋក៏ដូចជាអ្នកស្នេហាវិស័យកីឡាបានតាមដានទស្សនា នៅនឹងទីតាំងសំខាន់ៗទាំងអស់នោះជៀសវាងការសម្រុកមកទស្សនានៅពហុកីឡដ្ឋានជាតិ ដែលមានមនុស្សច្រើនកុះករនោះ។
សម្តេចតេជោនាយកយករដ្ឋមន្ត្រីនៅតែបន្តអំពាវនាវអោយចូលរួមថែរក្សាសន្តិភាពអោយបានគង់វង់ បន្តទៀត មានសន្តិភាព ទើបមានការអភិវឌ្ឍ។ ជាមួយគ្នានោះ សម្តេចតេជោក៏សុំអោយចូលរួមរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងត្រូវចូលរួមទប់ស្កាត់អតិផណាអោយបាន។ គ្រប់ស្ថាប័នទាំងអស់ត្រូវចេះសន្សំសំចៃក្នុងការចំណាយផ្សេងៗ និងត្រូវចូលរួមលុបបំបាត់ការរកស៊ីគេចពន្ធ ព្រមទាំងត្រូវខិតខំរកចំណូលសម្រាប់ជាតិឲ្យបានច្រើន។
សម្តេចតេជោក៏អំពាវនាវអោយមានការចូលរួមរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម បន្តការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពអោយបានខ្ចាប់ខ្ជួន ដូចជាទប់ស្កាត់ការការជួញដូរ និងប្រើប្រាស់គ្រឿងញៀន ទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងរួមគ្នាទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ទាំងអស់គ្នា ៕
