ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ វិស័យទេសចរណ៍របស់កម្ពុជា កំពុងតែស្ថិតនៅលើ និន្នាការវិជ្ជមានឡើងវិញ

ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការ “សណ្ឋាគារ សាន់ & មូន រីវើសាយ (Sun & Moon Riverside Hotel)” រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ យើងអាចកត់សម្គាល់ឃើញថា វិស័យទេសចរណ៍របស់កម្ពុជា កំពុងតែស្ថិតនៅលើនិន្នាការវិជ្ជមានឡើងវិញ ហើយការកើនឡើងនៃចំនួនភ្ញៀវទេសចរក្នុងស្រុក ក៏បានបង្ហាញផងដែរថា វិស័យទេសចរណ៍ក៏កាន់តែមានភាពធន់ជាងមុន។
នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ជាក់ស្តែង នៅមុនការមកដល់នៃវិបត្តិជំងឺកូវីដ-១៩, ក្នុងរយៈពេលប្រមាណ ២០ ឆ្នាំកន្លងមកហើយ, ចំនួនភ្ញៀវទេសចរអន្តរជាតិបានកើនឡើងជាង ១០ ដង ពោលគឺ ពីប្រមាណជាង ៤៦ ម៉ឺននាក់ ក្នុងឆ្នាំ១៩៩៩ ដល់ជាង ៦.៦ លាននាក់ក្នុងឆ្នាំ២០១៩។ ជាមួយនឹងកំណើនដ៏លឿននេះ, វិស័យទេសចរណ៍បានក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ ដោយបានរួមចំណែកក្នុងផលិតផលក្នុងស្រុកសរុបរហូតដល់ទៅ ១២,១% និងបានផ្តល់ការងារជូនបងប្អូនប្រជាពលរដ្ឋប្រមាណជាង ៦៣ ម៉ឺននាក់ នៅឆ្នាំ២០១៩។
ឯកឧត្តមបណ្ឌិតបន្ថែមថា ពិតណាស់ ក្នុងអំឡុងវិបត្តិនៃជំងឺកូវីដ-១៩, វិស័យទេសចរណ៍ បានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ជាពិសេស ដោយសារការរឹតត្បិតចំពោះការធ្វើដំណើរទាំងក្នុងស្រុក និងឆ្លងប្រទេស។ ទោះបីយ៉ាងនេះក្តី ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការដាក់ចេញប្រកបដោយប្រសិទ្ធភាពនូវវិធានការឆ្លើយតបជាច្រើន, វិស័យទេសចរណ៍បានចាប់ផ្តើមងើបឡើងវិញជាបណ្តើរៗ ស្របទៅនឹងដំណើរការបើកឡើងវិញនៃសកម្មភាពសង្គម-សេដ្ឋកិច្ចទាំងនៅកម្ពុជា និងសាកលលោក។ ជាក់ស្តែង ចំនួនភ្ញៀវទេសចរនៅក្នុងស្រុកបានកើនឡើងយ៉ាងលឿនរហូតដល់ជិត ១៤ លាននាក់ ក្នុងឆ្នាំ២០២២ ដែលស្មើនឹងប្រមាណជិត ២ ដង នៃចំនួនភ្ញៀវទេសចរក្នុងស្រុកក្នុងឆ្នាំ២០១៩ ជាពិសេសក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងទៅថ្មីៗនេះ, ក្រសួងទេសចរណ៍បានបង្ហាញនូវទិន្នន័យបឋមថា ចំនួនភ្ញៀវទេសចរ មានចំនួនកើនឡើងរហូតដល់ទៅជាង ១៣ លាននាក់ ដែលក្នុងនេះ មានភ្ញៀវទេសចរអន្តរជាតិចំនួនជិត ៦ ម៉ឺននាក់។
បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ថា «ជារួម នៅក្រោយវិបត្តិនៃជំងឺកូវីដ-១៩ យើងអាចកត់សម្គាល់ឃើញថា វិស័យទេសចរណ៍របស់កម្ពុជា កំពុងតែស្ថិតនៅលើនិន្នាការវិជ្ជមានឡើងវិញ ហើយការកើនឡើងនៃចំនួនភ្ញៀវទេសចរក្នុងស្រុក ក៏បានបង្ហាញផងដែរថា វិស័យទេសចរណ៍ក៏កាន់តែមានភាពធន់ជាងមុន» ។
ឯកឧត្ដមគូសបញ្ជាក់ថា ក្នុងន័យនេះ ការបើកឱ្យដំណើរការសណ្ឋាគារ និងសេវាកម្មបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិលំដាប់ផ្កាយបួន ឬផ្កាយប្រាំ ដូចជា សណ្ឋាគារ សាន់ & មូន រីវើសាយ នេះ ជាដើម ក៏ជាសក្ខីភាពនៃការងើបឡើងវិញជាបណ្តើរៗនៃវិស័យទេសចរណ៍របស់កម្ពុជា យ៉ាងជាក់ច្បាស់។ មួយវិញទៀត ការរីកដុះដាលនៃសណ្ឋាគារប្រភេទនេះ ក៏នឹងបន្តចូលរួមផ្តល់ការងារជូនដល់ប្រជាពលរដ្ឋ និងផ្តល់ផលប្រយោជន៍ដល់អាជីវកម្មផ្សេងៗទៀត នៅក្នុងខ្សែច្រវាក់តម្លៃរបស់ខ្លួន ៕

