នាយឧត្តមសេនីយ៍ហ៊ុន ម៉ាណែត ឆ្លើយតបនិងចំអកឲ្យក្រុមដែលទើសនិងរិះគន់ ចំពោះការបំពាក់ស័ក្តិជានាយឧត្តមសេនីយ៍

ភ្នំពេញ៖ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងយោធ ពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានឆ្លើយតប និងចំអកឲ្យក្រុមដែលទើស និងរិះគន់លោក ក្រោយពេលដែលត្រូវបានបំពាក់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ជាផ្លូវការ នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ។
យោងតាមហ្វេសបុក នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានលើកឡើងថា «ខ្ញុំសូមឆ្លៀតឱកាសនេះ ដើម្បីធ្វើការថ្លែងអំណរគុណដោយស្មោះចំពោះលោកតាលោកយាយ លោកអ៊ុពូមីងបងប្អូន និងក្មួយៗទាំងអស់ដែលបានផ្ញើរសារអបអរសាទរចំពោះរូបខ្ញុំ ក្នុងឱកាសនៃការបំពាក់ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ នាថ្ងៃនេះ»។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ក៏បានចំអក និងឆ្លើយតបចំពោះអ្នកដែលបានរិះគន់ ក្រោយពេលដែលត្រូវបានដំឡើងឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ដែរ ដោយក្នុងសារនោះនាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា«ចំពោះអស់លោកដែលពូកែខាងឆ្ងល់អំពីច្បាប់និងទម្លាប់របស់កងទ័ព ក្នុងការតែងតាំងផ្លាស់ ប្តូរមុខងា រឬតម្លើងឋានន្តរស័ក្តិយោធិន និងចំពោះអ្នកដែលទើសចំពោះការតម្លើងឋានន្តរស័ក្តិសម្រាប់រូបខ្ញុំ គឺសូមបន្តឆ្ងល់ និងបន្តទើសតាមការគួររបស់អស់លោកចុះ បើអស់លោកមានពេលវេលាច្រើន និងអត់មានកិច្ចការអ្វីផ្សេងសម្រាប់ធ្វើ។ ខ្ញុំអត់មានពេលវេលាដើម្បីធ្វើការពន្យល់ឬឆ្លើយតបជាមួយអស់លោកទេ ព្រោះពេលវេលារបស់ខ្ញុំត្រូវចំណាយទៅលើកិច្ចការអ្វីដែលមានប្រយោជន៍»។
នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា ជាក់ស្តែង ពេលនេះខ្ញុំកំពុងធ្វើដំណើររាប់រយគីឡូម៉ែត្រ ដើម្បីបន្តចុះជួបនិងធ្វើការងារជាមួយបណ្តាអង្គភាពកងទ័ពដែលឈរជើងនៅតាមបណ្តោយព្រំដែន ដើម្បីពង្រឹងសមត្ថភាពកងទ័ពក្នុងការត្រៀមលក្ខណៈការពារបូរណភាពទឹកដីរបស់យើង។ កិច្ចការងារនេះវាមានអត្ថប្រយោជន៍ចំពោះជាតិមាតុភូមិ ជាងចំណាយពេលឆ្លើយតបនឹងការឆ្ងល់ ឬទើសរបស់អស់លោក។ខ្ញុំនិយាយតាមត្រង់ទេណា សូមកុំខឹង។
សូមបញ្ជាក់ថានាយឧត្តមសេនីយ៍ហ៊ុន ម៉ាណែត ត្រូវបានបំពាក់ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍«ផ្កាយ៤» ជាផ្លូវការនាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា៕
