នាយករដ្ឋមន្ត្រី៖ មានកត្តាចំនួន៦ ដែលធ្វើឱ្យប្រជាជនប្រារព្ធពិធីចូលឆ្នាំខ្មែរបានដោយរីករាយក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីកត្តាចំនួន៦ ដែលធ្វើឱ្យប្រជាជនប្រារព្ធពិធីចូលឆ្នាំខ្មែរបានដោយរីករាយក្នុងឆ្នាំ២០២៣នេះ។

សម្ដេចបានលើកឡើងបែបនេះក្នុងពិធីបើកអង្គរសង្ក្រាន្តព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នៅប្រាសាទបាយ័ន ខេត្តសៀមរាប។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កត្តាទាំង៦ មានដូចជា សន្ដិភាព ការគ្រប់គ្រងកូវីដបានល្អ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធបានពេញផ្ទៃប្រទេស មធ្យោបាយធ្វើដំណើរកាន់តែងាយស្រួល ពលរដ្ឋមានចំណូលគ្រប់គ្រាន់ និងការរៀបចំបានល្អរបស់រដ្ឋាភិបាល និងសហភាពសហព័ន្ធយុវជនកម្ពុជា។
សម្ដេចតេជោថ្លែងថា វាមិនមែនជាការចៃដន្យទេដែលធ្វើព្រឹត្តិការណ៍ធំមួយនេះបាន ហើយពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរគឺជាឱកាសដែលប្រជាពលរដ្ឋខ្មែឬទូទាំងប្រទេសអបអរសាទរ និងជួបជុំក្រុមគ្រួសារ។ ក្រោមដំបូលសន្ដិភាពដែលកម្ពុជាមានបច្ចុប្បន្នបានធ្វើឱ្យពលរដ្ឋចូលរួមរៀបចំពិធីជាតិដ៏ធំនេះបានដោយសេរី និងភាពរីករាយ៕

