នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អរគុណបងប្អូនយោធិនពិការ ដែលតែងជឿទុកចិត្ត និងគាំទ្ររាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ តាំងពីដើមរៀងមក

ភ្នំពេញ៖ ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ កងទ័ពជើងគោក នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងអំណរគុណចំពោះអ៊ំពូមីងបងប្អូនយោធិនពិការទាំងអស់ ដែលតែងជឿទុកចិត្ត និងគាំទ្ររាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខ តាំងពីដើមរៀងមក ជាពិសេសក្នុងដំណាក់កាលរីករាលដាលនៃជំងឺកូវីដ-១៩ ដោយបានស្ម័គ្រចិត្តទទួលការចាក់វ៉ាក់សាំងបង្ការជំងឺនេះគ្រប់ៗគ្នា។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ថ្លែងបន្តទៀតថា ដូចនេះ សូមបន្តមានជំនឿទុកចិត្តមកលើភាពជាអ្នកដឹកនាំរបស់ សម្តេចតេជោ ដើម្បីបន្តថែរក្សាការពារអ្វីដែលយើងកំពុងមានក្នុងដៃសព្វថ្ងៃនេះ ឱ្យបានគង់វង្ស និងបន្តការអភិវឌ្ឍខ្លួនយើង, ក្រុមគ្រួសារយើង និងសង្គមជាតិយើងឱ្យកាន់តែរីកចម្រើនរុងរឿងបន្ថែមទៀត ៕
