មេទ័ពជើងគោក៖ ជានិច្ចជាកាល សម្តេចទាំងទ្វេ តែងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់យោធិនពិការ ដែលបានចូលរួមចំណែកកសាងស្នាដៃ និងគុណបំណាច់ជូនជាតិមាតុភូមិ ប្រកបដោយទឹកចិត្តស្នេហាជាតិ

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា ជានិច្ចជាកាល សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់អ៊ំពូមីងយោធិនពិការ ដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងស្នាដៃ និងគុណបំណាច់ជូនជាតិមាតុភូមិ ប្រកបដោយទឹកចិត្តស្នេហាជាតិ, ការលះបង់ និងពលិកម្មគ្រប់បែបយ៉ាងក្នុងការប្រយុទ្ធការពារជាតិ និងប្រជាជនកម្ពុជា ប្តូរយកសន្តិភាពធ្វើឱ្យប្រជាជនរស់ក្នុងសេចក្តីសុខសាន្ត និងការអភិវឌ្ឍរីកចម្រើន ដូចសព្វថ្ងៃ ។
ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរ មុខតំណែងជូននាយទាហាន មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ កងទ័ពជើងគោក នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានយកចិត្តទុកដាក់ខ្ពស់លើវិស័យពិការភាព ដោយបានដាក់ចេញ និងអនុវត្តគោលនយោបាយនានា ដើម្បីលើកកម្ពស់ជីវភាព និងសុខុមាលភាពរបស់អ៊ំពូមីងយោធិនពិការ សំដៅធ្វើយ៉ាងណាជួយដល់អ៊ំពូមីង និងក្រុមគ្រួសារឱ្យទទួលបានកិត្តិយស, សេចក្តីថ្លៃថ្នូរ, គុណភាពជីវិតល្អប្រសើរ, គ្មានការរើសអើង និងទទួលបានសេវាសង្គម និងសេវាសាធារណៈប្រកបដោយភាពអនុគ្រោះ ។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ជាក់ស្តែង ការរៀបចំមណ្ឌលអភិវឌ្ឍន៍យោធិនពិការនៅតាមតំបន់នានាទូទាំងប្រទេស គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយជីវភាពរស់នៅ និងសុខុមាលភាពរបស់អ៊ំពូមីងបងប្អូនយោធិនពិការ និងក្រុមគ្រួសារ ស្របតាមកាលានុវត្តភាពនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ជាពិសេសការអភិវឌ្ឍឥតឈប់ឈររបស់កម្ពុជា ដោយផ្តើមចេញពីចំណុចសូន្យទទួលបានសុខសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច និងសេចក្តីសុខសាន្តរបស់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ៕
