នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អបអរសាទរឧត្តមសេនីយ៍ត្រី ជា ព្រឿង ចំពោះការទទួលបានមុខតំណែងជា នាយមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ កងទ័ពជើងគោក

ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានចូលរួមអបអរសាទរជាមួយ ឧត្តមសេនីយ៍ត្រី ជា ព្រឿង ចំពោះការទទួលបានមុខតំណែងជា “នាយមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ កងទ័ពជើងគោក” ។
ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន មណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ កងទ័ពជើងគោក នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការទទួលបានមុខតំណែងជា “នាយមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ កងទ័ពជើងគោក”នេះ ជាការប្រគល់នូវតួនាទី សិទ្ធិ និងការទទួលខុសត្រូវក្នុងការដឹកនាំគ្រប់គ្រង និងកសាងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆត្រ កងទ័ពជើងគោក សំដៅលើកកម្ពស់សុខុមាលភាព និងជីវភាពរបស់អ៊ំពូមីងបងប្អូនជាយោធិនពិការ ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ ឱ្យកាន់តែប្រសើរឡើងថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងបុព្វហេតុអភិវឌ្ឍយោធិនពិការ។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ក៏បានសម្តែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំមណ្ឌលគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលបានខិតខំបំពេញការងារគ្រប់គ្រង និងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធ, ផ្ទះស្នាក់នៅ និងសំណង់ផ្សេងៗជាច្រើននៅក្នុងមណ្ឌល ដោយមានជំនួយឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ទាំងស៊ីវិល និងយោធា ជាពិសេសការយកចិត្តទុកដាក់ផ្ទាល់សំណាក់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសប្បុរសជនគ្រប់មជ្ឈដ្ឋាន បម្រើឱ្យសេចក្តីត្រូវការ និងជីវភាពរស់នៅរបស់អ៊ំពូមីងបងប្អូនយោធិនពិការ និងក្រុមគ្រួសារបានល្អប្រសើរ។
នាយឧត្តមសេនីយ៍មេបញ្ជាការកងទ័ពជើងគោក គូសបញ្ជាក់ថា សមិទ្ធផលទាំងនេះ ស្តែងឱ្យឃើញអំពីការប្តេជ្ញាចិត្តរួម និងកិច្ចខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវ ក្នុងការជួយឧបត្ថម្ភគាំពារដល់អ៊ំពូងមីងបងប្អូនយោធិនពិការ និងក្រុមគ្រួសារ ដើម្បីកែលម្អជីវភាពរបស់ពួកគាត់ឱ្យបានល្អប្រសើរ សំដៅធានាបាននូវភាពសុខដុមរមនា និងការអភិវឌ្ឍរបស់សង្គមជាតិ ជាពិសេសដើម្បីសម្តែងនូវការដឹងគុណ និងការតបគុណចំពោះពលិកម្ម និងគុណបំណាច់ ដ៏ធំធេងរបស់អ៊ំពូមីងបងប្អូនយោធិនពិការ ដែលមានចំពោះជាតិមាតុភូមិ ៕
