នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អំពាវនាវដល់យោធិនទាំងអស់ បន្តចូលរួមថែរក្សាសនិ្តភាពស្ថិរភាពជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអំពាវនាវដល់យោធិនទាំងអស់ បន្តចូលរួមថែរក្សាសនិ្តភាព ស្ថិរភាព ជូនប្រជាពលរដ្ឋ ជាពិសេស ក្នុងអំទ្បុងពេលនៃការអបអរសាទរសង្ក្រានឆ្មាំថ្មី ឆ្នាំថោះ ព្រមទាំងព្រឹត្តិការណ៍កីឡា SEA Games និង ASEAN Para Games 2023 នៅក្នុងខែឧសភា និងមិថុនា ក៏ដូចជាការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាមួយនឹងការធានាថា ព្រឹត្តិការណ៍ជាលក្ខណៈប្រវត្តិសាស្ត្រដ៏សំខាន់ទាំងអស់នេះ អាចប្រព្រឹត្តទៅបានក្នុងបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខយ៉ាងពេញលេញ។
នាយឧត្តមសេនីយ៍ បានថ្លែងបែបនេះ នៅក្នុងពេលអញ្ជើញប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ យោធភូមិភាគទី៤ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
នាយឧត្តមសេនីយ៍បន្តថា ជាក់ស្តែងទន្ទឹមនឹងជោគជ័យលើការប្រយុទ្ធនឹងជំងឺកូវីដ-១៩ គឺពេញមួយឆ្នាំ២០២២ កន្លងទៅនេះ ប្រទេសកម្ពុជា បានឆ្លងកាត់នូវសភាពការណ៍សំខាន់ៗជាច្រើន រួមទាំងការសម្រេចបាននូវសមិទ្ធផលធំៗគ្រប់ទិដ្ឋភាព ទាំងផ្នែកនយោបាយ, ការទូត, សន្តិសុខ, សេដ្ឋកិច្ច, សង្គម និងវប្បធម៌ ដែលសុទ្ធសឹងជាជំហានឈានឆ្ពោះទៅមុខប្រកបដោយសុទិដ្ឋិនិយមរបស់ជាតិ និងប្រជាជនកម្ពុជា នៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែតបញ្ជាក់ថា ជាការពិតណាស់ សមិទ្ធផលដ៏ធំធេងទាំងនេះ គឺពិតជាមិនអាចកាត់ផ្តាច់បានឡើយពីការខិតខំប្រឹងប្រែងតស៊ូលះបង់ពុំខ្លាចនឿយហត់ គួបផ្សំនឹងស្មារតីទទួលខុសត្រូវខ្ពស់របស់កងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក នាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក្នុងបុព្វហេតុបម្រើជាតិ មាតុភូមិ និងប្រជាជន៕

