អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ សរសើរតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលបានការពារសន្តិសុខស្ថិរភាព តាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រខេត្ត ដោយធានាបានសន្តិភាព និងសុវត្ថិភាពជូនពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែដកោតសរសើរមេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលបានការពារសន្តិសុខស្ថិរភាព តាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រខេត្ត ដោយធានាបានសន្តិភាព និងសុវត្ថិភាពជូនពលរដ្ឋបានល្អប្រសើរ ។
ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហានជាន់ខ្ពស់ តំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង យោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «សូមកោតសរសើរចំពោះមេបញ្ជាការ មេបញ្ជាការរងគ្រប់លំដាប់ថ្នាក់ នាយទាហាន នាយទាហានរង និងពលទាហានទូទាំងតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលបានខិតខំបំពេញភារកិច្ចរហូតសម្រេចបាននូវស្នាដៃ និងសមិទ្ធផលការងារជាច្រើន ជាពិសេសក្នុងរយៈកាលពេញមួយឆ្នាំ២០២២ កន្លងមកនេះ ទាំងលើការបំពេញភារកិច្ចស្នូល ភារកិច្ចជំនាញ និងការសហការការពារសន្តិសុខស្ថិរភាពនៅតាមបណ្តោយព្រំដែន និងផ្ទៃក្នុងភូមិសាស្ត្រខេត្ត ដោយធានាបាននូវសន្តិភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អប្រសើរ ក៏ដូចជាការកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ» ។
ឯកឧត្ដមនាយឧត្តមសេនីយ៍ បន្ថែមថា ជាងនេះទៀត អង្គភាពក៏បានយកចិត្តទុកដាក់ជួយសម្រួលដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ តាមរយៈការចុះជួយបង្កបង្កើនផល និងជួយសាងសង់សំណង់ផ្សេងៗជូនសហគមន៍ប្រជាពលរដ្ឋ និងវត្តអារាមនៅតាមមូលដ្ឋានឈរជើងផងដែរ ៕
