សម្តេចតេជោ៖ ប្រជាពលរដ្ឋទាំងអស់រួមគ្នាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ដើម្បីកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពលើគ្រប់វិស័យបន្ថែមទៀតនាពេលខាងមុខ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ ប្រកាសឱ្យប្រជាពលរដ្ឋទាំងអស់រួមគ្នាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ដើម្បីកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពលើគ្រប់វិស័យបន្ថែមទៀតនាពេលខាងមុខ។
មានប្រសាសន៍ក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនីទូទាំងប្រទេសលើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ នាព្រឹកថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឲ្យគ្រប់ផ្នែកពាក់ព័ន្ធរួមគ្នាផ្សព្វផ្សាយ បញ្ជ្រាប ខ្លឹមសារ អប់រំ គោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពរួមមាន គ្រឿងញៀន ល្បែងស៊ីសង និងសុវត្ថិភាពចរាចរណ៍ ឱ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយអត្រាស្លាប់ និងរបួសឱ្យស្ថិតនៅក្នុងកម្រិតតិចតួចបំផុត។
នេះគឺជាជួបជុំប្រចាំឆ្នាំរបស់អាចារ្យ និងអាចារិនីទូទាំងប្រទេសដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងអំពីក្បួនច្បាប់ក្រឹតក្រមអាចារ្យជាគោលដែលមានការឯកភាពរួម និងដើម្បីលើកកម្ពស់ការយល់ដឹងលើកម្រិតវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរបន្ថែមដល់អាចារ្យ និងអាចារិនីទាំងអស់ដែលទទួលបានការបណ្តុះបណ្តាលពីសមាគមអាចារ្យខ្មែរ និងម៉្យាងវិញទៀត ការជួបជុំថ្ងៃនេះគឺដើម្បីអោយមានឱកាសផ្លាស់ប្តូរមតិយោបល់ និងបានចែករំលែកនូវចំណេះដឹងដល់គ្នាទៅវិញទៅមក ដើម្បីពង្រឹងសមត្ថភាពចំណេះដឹងទូទៅរបស់អាចារ្យ និងអារិនីអោយកាន់តែល្អ មានទំនុកចិត្ត និងទទួលយកបានក្នុងការ បម្រើកិច្ចការអាចារ្យនៅក្នុងប្រទេស ៕
