នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អរគុណចំពោះទឹកចិត្ត និងកាយវិការប្រកបដោយមិត្តភាពជិតស្និទ្ធរវាងកងទ័ពជើងគោកកម្ពុជា និងកងទ័ពការពារព្រំដែនវៀតណាម

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងនូវការអរគុណចំពោះទឹកចិត្ត និងកាយវិការប្រកបដោយមិត្តភាពជិតស្និទ្ធរវាងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ដែលស្តែងឡើងតាមរយៈការអញ្ជើញមកសាកសួរសុខទុក្ខ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដូចពេលនេះ។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បែបនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ខណៈដែលទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេស សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ង្វៀន ហ៊ួយភ្វឿង មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ទទួលបន្ទុកការងារភាគខាងត្បូង។
ក្នុងជំនួបនេះ ឧត្តមសេនីយ៍ត្រី ង្វៀន ហ៊ួយភ្វឿង បានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យគណៈប្រតិភូបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន នៃក្រសួងការពារប្រទេសវៀតណាម ចូលជួបសំណេះសំណាល ដើម្បីជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយក៏ស្របពេលដែលកម្ពុជាក៏កំពុងមមាញឹកត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅក្នុងខែឧសភា និងមិថុនា ផងដែរ៕

