សម្តេចតេជោ ដាក់ចេញគោលការណ៍សំខាន់ៗចំនួន៥ ដើម្បីជំរុញប្រសិទ្ធភាពការងារធ្វើជាម្ចាស់ផ្ទះកីឡាស៉ីហ្គេម លើកទី៣២

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវបទបញ្ជា និងគោលការណ៍សំខាន់ៗចំនួន៥ ដើម្បីជំរុញប្រសិទ្ធភាព ការងាររៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អាស៉ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ខណៈ ពិធីបើកជាផ្លូវការនៅសល់តែ ៣២ថ្ងៃទៀតប៉ុណ្ណោះនឹងចូលមកដល់ គឺនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។
ការដាក់បញ្ជានេះធ្វើឡើងក្នុងឱកាសសម្តេចតេជោ អញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយកីឡាករ កីឡាការិនី នាល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា ពេលវេលារបស់ម្ចាស់ផ្ទះ ក្នុងតំណាក់កាលចុងក្រោយនេះ ចាំបាច់ត្រូវការកម្លាំងសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ តួនាទីភារកិច្ច និងមានការទទួលខុសត្រូវខ្ពស់ ដូច្នេះដើម្បីឲ្យមានប្រសិទ្ធភាពលើការងារចុងក្រោយនេះ សម្តេច សូមដាក់ចេញនូវបទបញ្ជា និងជាគោលការណ៍សំខាន់ៗដូចខាងក្រោម៖
១៖ ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសុខដុមរមនាការងារក្នុងគណៈកម្មាធិការជាតិ រៀបចំការប្រកួត និងភាគីពាក់ព័ន្ធ ជាពិសេសត្រូវឯកភាពគ្នាជាគោលការណ៍ដឹកនាំ និងអនុវត្តឲ្យមានប្រសិទ្ធភាព។
២៖ រដ្ឋបាលរាជធានី-ខេត្តទទួលការប្រកួតកីឡាទាំងអស់ ត្រូវពង្រឹងគុណភាពលើសេវាសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថានចាប់ពីពេលនេះត ទៅ ។
៣៖ ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវចូលរួមសហការ និងទទួលសំណូមពរចាំបាច់នានា របស់គណៈកម្មាធិការជាតិរៀបចំការប្រកួត ដើម្បីធានាប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយក្នុងការរៀបចំ ព្រឹត្តិការណ៍ឲ្យទទួលបានជោគជ័យ។
៤៖ សូមសហព័ន្ធកីឡាជាតិ ថ្នាក់ដឹកនាំ គ្រូបង្វឹក និងអ្នកគាំទ្រចុះជួយជំរុញលើកទឹកចិត្ត ផ្តល់កម្លាំងចិត្តដល់កីឡាករ កីឡាការិនីក្នុងដំណាក់កាលចុងក្រោយនៃការប្រកួត ដើម្បីបន្ថែមកម្លាំងចិត្ត និងជំនឿចិត្តខ្ពស់ដល់កីឡាករ កីឡាការិនី ។
៥៖ ចំពោះប្រជាពលរដ្ឋនៅរាជធានីភ្នំពេញក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ប្រកួត សូមលើកទឹកចិត្តឲ្យប្រើរថយន្តក្រុង ឬរថយន្តរួមគ្នា ដើម្បីកាត់បន្ថយការកកស្ទះ សម្រួលដល់ការដឹកជញ្ជូនប្រតិភូកីឡា និងភ្ញៀវអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាត្រូវការលទ្ធផលល្អពីការប្រកួត តែមិនត្រូវការឈ្នះដោយការបំពានលក្ខខណ្ឌប្រកួត ឬប្រើសារធាតុញៀននោះឡើយ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៣២ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលត្រូវប្រារព្ធពិធីបើកការប្រកួត នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ខាងមុខ។ ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទនភាព និងមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូល ដែលបានរង់ចាំអស់រយៈពេល ៦៤ឆ្នាំមកហើយ។ ព្រឹត្តិការណ៍ SEA Games ចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និង ព្រឹត្តិការណ៍ ASEAN Para Games ចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕
