ឯកឧត្តម ហ៊ុន ម៉ាណែត គោរពថ្លែងអំណរគុណ ចំពោះសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងយកចិត្តទុកដាក់គិតគូរអំពីសុខទុក្ខ ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានគោរពថ្លែងអំណរគុណ និងកតញ្ញូតាចំពោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដោយជានិច្ចជាកាល សម្តេចទាំងទ្វេ តែងបានយកចិត្តទុកដាក់គិតគូរជាប់ជាប្រចាំអំពីសុខទុក្ខ, ជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋតាមរយៈការបង្កលក្ខណៈ និងជំរុញឱ្យកាន់តែកៀកខិតជិតមូលដ្ឋាន នូវសេវាថែទាំសុខភាព និងពិនិត្យព្យាបាលជម្ងឺ, សេវាអប់រំសម្រាប់កូនចៅប្រជាពលរដ្ឋ និងឱកាសការងារ ជាដើម។
ឯកឧត្តមមានប្រសាសន៍បែបនេះនៅក្នុងឳកាសអញ្ជើញ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សមោ្ពធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសម្ភព និងអគារផ្ទះអគាររោងបាយ នៃមណ្ឌលសុខភាពមរតក សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជុំគិរី ខេត្តកំពត នាថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិតបន្ថែមថា លើសពីនេះ សម្តេចតេជោ តែងតែនៅក្បែរប្រជាពលរដ្ឋក្នុងគ្រប់ស្ថានការណ៍លំបាក និងគ្រោះថ្នាក់ ដោយមិនមានពេលណាមួយដែលទុកប្រជាពលរដ្ឋចោលនោះទ្បើយ។ ជាក់ស្តែង ក្នុងរបត់នៃប្រវត្តិសាស្ត្រកម្ពុជា សម្តេចតេជោ គឺជាកូនខ្មែរមួយរូបដែលបានលះបង់ចូលរួមចំណែកបម្រើប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈពីដើមរហូតមក និងបានដឹកនាំប្រទេសជាតិសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន៖ ការសង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍, ការទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស, ការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងការឧបត្ថម្ភគាំពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិរស់រានមានជីវិត ដោយក្នុងរយៈកាលកន្លងទៅថ្មីៗនេះ កម្ពុជាទទួលបានជោគជ័យយ៉ាងត្រចះត្រចង់លើការការពារអាយុជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីមាត់ជ្រោះមរណៈនៃជម្ងឺកូវីដ-១៩៕



