ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្ដិ ស្នើសភាពាណិជ្ជកម្មកម្ពុជា-ថៃ ផ្លាស់ប្តូរទស្សនកិច្ច រវាងវិស័យឯកជនទាំងពីរ ក្នុងបំណងជំរុញពាណិជ្ជកម្ម និងសកម្មភាពវិនិយោគ ឲ្យកាន់តែច្រើនបន្ថែមទៀត

ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា ចូលរួមថ្លែងសុន្ទរកថាគន្លឹះក្នុងសិក្ខាសាលាស្តីពី “ទិសដៅអនាគតនៃឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ឆ្នាំ២០២៣” (Future Direction of Trade and Investment Opportunities in Cambodia 2023) ដើម្បីផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច និងទស្សនវិស័យពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ក្រោយពីវិបត្តិកូវីដ-១៩។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-ថៃ សភាពាណិជ្ជកម្មថៃ ក្រុមប្រឹក្សាពាណិជ្ជកម្មថៃ គណៈកម្មាធិការអចិន្ត្រៃយ៍ចម្រុះស្តីពីពាណិជ្ជកម្មនិងឧស្សាហកម្ម និងធនាគារនៃប្រទេសថៃ ដែលបានរៀបចំធ្វើសិក្ខាសាលាដ៏សំខាន់នេះ ព្រមទាំងបានសម្ដែងនូវការកោតសរសើចំពោះអ្នកចូលរួមទាំងអស់ក្នុងសិក្ខាសាលានេះ ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងជាកម្លាំងជំរុញដ៏ធំធេងឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្ម និងវិនិយោគនាពេលអនាគត រវាងកម្ពុជា-ថៃ។
ឯកឧត្តមរដ្ឋមន្ត្រី បន្តថា ការជួបជុំគ្នាថ្ងៃនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ វិនិយោគិនថៃដែលមានសក្តានុពលអាចស្វែងរកព័ត៌មានពាក់ព័ន្ធទាំងអស់នៃការធ្វើពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី សូមស្វាគមន៍វិនិយោគិនថៃ ដែលមានគម្រោងវិនិយោគ ឬពង្រីកគម្រោងវិនិយោគនៅកម្ពុជា ហើយសម្រាប់ធុរជនដែលមិនទាន់បានបណ្តាក់ទុននៅកម្ពុជា សូមអញ្ជើញមកស្វែងយល់ពីសក្តានុពល និងឱកាសក្នុងការវិនិយោគ ឬចូលរួមបណ្តាក់ទុនជាមួយអ្នកវិនិយោគកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ឱ្យបានច្រើនពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ដែលកម្ពុជាសម្រេចបាន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យវិនិយោគិននៃប្រទេសទាំងពីរពិនិត្យលទ្ធភាពវិនិយោគលើ វិស័យសេដ្ឋកិច្ចចក្រា និងកសិឧស្សាហកម្មផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើសុំសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនកិច្ច រវាងវិស័យឯកជនរបស់ប្រទេសទាំងពីរ ក្នុងបំណងជំរុញពាណិជ្ជកម្ម និងសកម្មភាពវិនិយោគក្នុងប្រទេសទាំងពីរឱ្យកាន់តែច្រើនបន្ថែមទៀត ព្រមទាំងបានបានអញ្ជើញភាគីពាក់ព័ន្ធវិស័យឯកជននៃប្រទេសថៃ ក្រុមហ៊ុនថៃ ព្រមទាំងពាណិជ្ជករថៃ ចូលរួមក្នុងការតាំងពិព័រណ៍ផលិតផល និងនាំចូល-នាំចេញរបស់កម្ពុជាលើកទី១៧ ដែលនឹងប្រារព្ធឡើងជាប្រចាំនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ និងជារៀងរាល់ឆ្នាំ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្ដី បានធ្វើការវាយតម្លៃខ្ពស់លើវឌ្ឍនភាពដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីមានបញ្ហាប្រឈមដោយសារកូវីដ-១៩ក៏ដោយ ប៉ុន្តែទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅតែមានការកើនឡើងជាលំដាប់។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានជំរុញភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំធ្វើការងារបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១៥ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ត្រឹមឆ្នាំ២០២៥ ដែលកំណត់ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ និងការដាក់ចេញនូវច្បាប់ គោលនយោបាយ និងវិធានការនានា ដើម្បីច្បាមយកកាលានុវត្តភាពដែលកើតចេញពីវិបត្តិ និងធានាបាននូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ស្របពេលដែលពិភពលោកកំពុងប្រឈមជាមួយនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃនិម្មាបនកម្ម សេដ្ឋកិច្ចពាណិជ្ជកម្ម ដែលបណ្តាលមកពីបញ្ហាប្រឈមជាសកល ដូចជា ជំងឺរាតត្បាតកូវីដ-១៩ សង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងការប្រែប្រួលអាកាសធាតុ ជាដើម។ឯកឧត្តមរដ្ឋមន្ត្រី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគំនិតផ្តួចផ្តើម និងវិធានការនានា រួមមាន៖ ច្បាប់ស្តីពីវិនិយោគថ្មី ច្បាប់ស្តីពីភាពជាដៃគូសាធារណៈនិងឯកជន (PPP), ច្បាប់វិសោធនកម្មស្តីពីសហគ្រាសពាណិជ្ជកម្ម, ច្បាប់ស្តីពីការការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងយុទ្ធសាស្ត្រស្តារនិងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មីជាដើម។ ចំពោះក្របខ័ណ្ឌអន្តរជាតិ ឯកឧត្តមរដ្ឋមន្រ្ដី បន្តថា ក្រៅពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន និងអាស៊ាន+១ បច្ចុប្បន្នកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) ជាមួយប្រទេសចិន និងកូរ៉េខាងត្បូង ហើយក៏ជាភាគីនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលបានធ្វើឱ្យកម្ពុជាមានទីផ្សារដ៏ធំសម្រាប់វិស័យធុរកិច្ច។ លើសពីនេះ កាលពីពេលថ្មីៗនេះ កម្ពុជាក៏បានបញ្ចប់ដោយជោគជ័យនូវការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CEPA) ផងដែរ។
នៅក្នុងសិក្ខាសាលាដ៏មានសារសំខាន់នេះ ក៏មានការធ្វើបទបង្ហាញពី ឯកឧត្តមតំណាងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) អំពីស្តីពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និង ឯកឧត្តមតំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើបទបង្ហាញស្តីពីគោលនយោបាយវិនិយោគរបស់កម្ពុជា និងរបបលើកទឹកចិត្តផ្នែកពន្ធ ផងដែរ។
គួរបញ្ជាក់ជូនផងដែរថា ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ ត្រូវបានពង្រឹងពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតីសហប្រតិបត្តិការរបស់ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរបស់ភាគីពាក់ព័ន្ធទាំងអស់។ ជាការកត់សម្គាល់ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២២ សម្រេចបានក្នុងទំហំទឹកប្រាក់សរុប ប្រមាណ ៤,៦ពាន់លានដុល្លារសហរដ្ឋអាម៉េរិក កើនឡើងប្រមាណ ១៤% បើធៀបនឹងឆ្នាំ២០២១។
នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀងស្តីពីការនាំចូល និង ចែកចាយស្រាបៀរហនុមាន រវាងក្រុមហ៊ុន Hanuman Beverages Co.,LTD របស់កម្ពុជា ជាមួយក្រុមហ៊ុនចែកចាយ Yakyim Intertrade Co.,LTD របស់ថៃ។
មុននឹងបញ្ចប់សិក្ខាសាលានេះ ឯកឧត្តមរដ្ឋមន្រ្ដី បានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ (១) គណៈកម្មាធិការអចិន្ត្រៃយ៍ចម្រុះស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ និង ក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា (២) APM Asset Pro Management (៣) Siam Commercial Bank Public Company Limited (៤) Terry Perfect Company Limited (៥) VEGA Natural Co.,Ltd (៦) Siam Cement-Building Materials Co.,Ltd (៧) T.K. Garment Co.,Ltd (៨) EXIM BANK (៩) Krung Thai Bank Public Company Limited (១០) Revorned Thailand (១១) Black Canyon Coffee & Eatery។
ក្រុមហ៊ុនខាងលើបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានឆ្លៀតឱកាសដ៏មានតម្លៃទទួលជួប និងចែករំលែកព័ត៌មានស្តីពីសក្តានុពលនៃប្រទេសកម្ពុជា ហើយក្រុមហ៊ុនមួយចំនួនក៏បានសន្យានឹងទៅបំពេញទស្សនកិច្ចសិក្សានៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាព ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ផងដែរ៕

