ក្រុមការងារជួយស្រុកបាភ្នំ ជម្រុញឱ្យអនុវត្តការងារអភិវឌ្ឍន៍និងសេវាសាធារណៈមូលដ្ឋាន ការសន្យានានានិងទិសដៅការងារថ្មី

ភ្នំពេញ៖ ឯកឧត្តម អ៉ីវ លាង អនុប្រធានក្រុមការងារចុះជួយស្រុកបាភ្នំ និងជាប្រធានក្រុមការងារចុះជួយឃុំបឹងព្រះ នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមីនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា ឆ្នាំ២០២៣របស់ក្រុមការងារចុះជួយឃុំបឹងព្រះ នៅស្នាក់ការបក្សឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។
លោក ណុប ចឹក មេឃុំបឹងព្រះ បានរាយការណ៍សង្ខេបពី សកម្មភាពរបស់ក្រុមការងារទាំងថ្នាក់កណ្តាលនិងមូលដ្ឋានដែលបានចុះតាមភូមិ ការឧបត្ថម្ភការងារសង្គមកិច្ច ការងារអភិវឌ្ឍន៍នៅមូលដ្ឋាន ករណីទំនាស់និងលទ្ធផលដោះស្រាយ ជម្រុញធ្វើអត្តសញ្ញាណប័ណ្ណ បញ្ហាប្រឈម និងទិសដៅការងារថ្មីត្រូវអនុវត្តបន្ត។
ឯកឧត្តម អ៉ីវ លាង បានថ្លែងអំណរគុណដល់ក្រុមការងារគ្រប់ផ្នែកគ្រប់ថ្នាក់ដែលបានយកចិត្តទុកអនុវត្តការងារទៅតាមតួនាទីភារកិច្ច ជាពិសេសការងារបម្រើសេវាសាធារណៈជូនពលរដ្ឋ។ចំពោះការងារសង្គមកិច្ចក្រុមការងារជួយបានច្រើនហើយក្រុមការងារនៅតែបន្តជួយ ការងារសង្គមកិច្ចពិតជារឿងដ៏មានសារៈសំខាន់ បើនិយាយមួយបែប ជាអំពើល្អបានធ្វើល្អពិតជួយដល់ដៃអ្នកជួបការលំបាកពិតប្រាកដ។
និយាយដល់ចំណុចនេះ ឯកឧត្តមបានស្នើអាជ្ញាធរពន្លឿនការធ្វើបណ្ណក្រក្រីឲ្យបានលឿននិងសូមវាយតម្លៃឲ្យបានតម្លាភាព តាមស្ថានភាពជាក់ស្តែង ដើម្បីឲ្យបានដល់អ្នកក្រពិត។រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនមានការរើសអើងចំពោះបងប្អូនណាម្នាក់ដែលមាននិន្នាការផ្ទុយនោះទេ សំខាន់គឺជួយសម្រាលដល់ការលំបាកបងប្អូនអ្នកទីទាល់ពិត។
ឯកឧត្តមបានកោតសរសើរ និងគូសបញ្ជាក់បន្ថែមចំពោះក្រុមការងារតាមភូមិទាំងអស់ដែលបានចុះសំណេះសំណាលតាមខ្នងផ្ទះមិនត្រឹមតែផ្សារភ្ជាប់ការប្រាស្រ័យទាក់ទងគ្នាបង្កើនការសិទ្ធិស្នាលតែប៉ុណ្នឹងនោះទេ គោលបំណងសំខាន់គឺចង់ស្តាប់និងទទួលបានព័ត៌មានត្រឡប់ពីសុខទុក្ខ បញ្ហាលំបាកឬការថ្នាំងថ្នាក់ទុកក្នុងចិត្តរបស់ពួកគាត់ ដើម្បីយកជួយសម្រាលឬមកដោះស្រាយ មិនមែនចេះតែចុះៗនោះទេ។
ឆ្លៀតឱកាសនោះដែរ សម្រាប់បញ្ហាគ្រឿងញៀន ឯកឧត្តមបានអំពាវនាវដល់បងប្អូនសូមចូលរួមសហកានិងរាយការណ៍ មិនអាចពឹងតែប៉ុស្តិ៍ទាំងស្រុងក្តាប់ព័ត៌មានទូទាំងឃុំបាននោះទេ។ឥទ្ធិពលគ្រឿងញៀន វាមិនត្រឹមមានផលអាក្រក់ដល់បុគ្គលជាអ្នកញៀនប៉ុណ្ណោះទេ ថែមទាំងដល់គ្រួសារ អ្នកជុំវិញ ជាពិសេសសង្គមជាតិទៀត។
ឯកឧត្តមបានណែនាំដល់ក្រុមការងារបន្តពង្រឹង-ពង្រីកសមាជិកក្រុមការងារ រៀបចំអង្គការចាត់តាំង រចនាសម្ព័ន្ធ និងប្រើប្រាស់មន្ត្រីឲ្យស្របតាមជំនាញឬនិស្ស័យ ដើម្បីឲ្យការងារធ្វើទៅបានលឿន និងប្រសិទ្ធភាព ហើយយើងស្វាគមន៍សមាជិកថ្មីពីគ្រប់មជ្ឈដ្ឋានដោយមិនរើសរើងចំពោះអ្នកដែលមានបំណងចូលរួមបម្រើជាតិនិងប្រជាជន។ឯកឧត្តម សង្ឃឹមមុតមោះថា ការបោះឆ្នោតឆ្នាំ២០២៣ ក្រុមការងារត្រូវដណ្ដើមបានជ័យជំនះយ៉ាងត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា៕
