សម្តេចតេជោ៖ មិនមាននរណាធ្វើឲ្យចិន ចុះខ្សោយនោះឡើយ ខណៈចិនជាទីផ្សារធំរបស់អាស៊ាន ដោយអាស៊ាន នាំទៅចិនច្រើនជាងចិននាំមកអាស៊ាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា មិនមាននរណាធ្វើឱ្យប្រទេសចិន ចុះខ្សោយនោះឡើយ ព្រោះចិនគឺជាប្រទេសមួយដែលមានប្រជាជាតិច្រើនជាងគេនៅលើពិភពលោក ដែលមិនអាចមានអ្នកណាទៅរារាំងទៅលើការរីកចម្រើនលូតលាស់របស់ចិនបានឡើយ។
ក្នុងឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថាន វ៉ាន់ដា ជិត៥ពាន់នាក់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អ្នកខ្លះគឺថា បន់ឱ្យចិនចុះខ្សោយ ធ្វើឱ្យចិនចុះខ្សោយ តើអាចទៅរួចទេ នៅក្នុងបញ្ហាដែលធ្វើឱ្យចិនចុះខ្សោយ វាមិនអាចទៅរួចទេ ចិនក៏ជាប្រទេសមួយដែលមានប្រជាជាតិច្រើនជាងគេនៅលើពិភពលោកផង អ្នកណាទៅអាចរារាំងចិនបានទៅលើការរីកលូតលាស់របស់ចិន។ ខ្ញុំនៅតែចាំបានថា នៅទីក្រុងតូក្យូគឺគេដាក់សំណួរសួរខ្ញុំថាតើ អ្នកឯងមានការព្រួយបារម្ភដែរទេ ចំពោះមុខការគម្រាមកំហែងរបស់ចិន មុនពេលដែលចិនចូលអង្គការពាណិជ្ជកម្មពិភពលោក ហ្នឹងនៅក្នុងឆ្នាំ២០២១។ ខ្ញុំឆ្លើយថា អ្នកណា អ្នករារាំងការរីកចម្រើនចិនបាន?»
សម្តេចតេជោ មានប្រសាសន៍ថា ចិនជាទីផ្សារធំណាស់ ផលចំណេញគឺបានមកទីផ្សារអាស៊ាន អាស៊ាននាំទៅចិនច្រើនជាង ចិននាំចេញមកអាស៊ាន។ ចិនគឺជាប្រទេសដែលផ្គត់ផ្គង់វត្ថុធាតុដើម ឱ្យប្រទេសដែលមានមានផលិតកម្មដូចជាយើង ។ វិស័យកាត់ដេរ គឺ៨០% នៃសាច់ក្រណាត់ត្រូវបាននាំពីចិន។ អ៊ីចឹងបានគេឃើញ ចិនបាននាំចូលកម្ពុជា ច្រើនជាងកម្ពុជា នាំចេញទៅចិន តើមានមូលហេតុអី មូលហេតុស្ថិតនៅត្រង់បញ្ហាកម្ពុជា ត្រូវការវត្ថុធាតុដើមរបស់ចិន ដើម្បីមកធ្វើពលកម្ម កាត់ដេរនៅប្រទេសយើង ហើយយើងនាំចេញទៅប្រទេសផ្សេង។ គ្រាន់តែកូវីដ ដើមឆ្នាំ២០២០ សម្ដេចសម្រុកសំណូមពរឱ្យចិន ផ្តល់អទិភាពផ្គត់ផ្គង់វត្ថុធាតុដើម គឺសាច់ក្រណាត់មកកាន់កម្ពុជា ចិនបានខិតខំដើម្បីជួយយើង ហើយតាមរយៈយើង បានផ្គត់ផ្គង់ទៅកាន់ទីផ្សារនានាផងដែរ ៕
