ប្រជាពលរដ្ឋនៅស្រុកសំឡូត ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ៧គ្រាប់ រាយការណ៍ជូនសមត្ថកិច្ច
បាត់ដំបង៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិអូរតាទៀក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង មានប្រជាពលរដ្ឋម្នាក់ឈ្មោះ ចាន់ ភា ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅក្រុមទី៦ ភូមិអូរតាទៀក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង បានភ្ជួរដីចំការស្វាយចន្ទី នៅខាងក្រោយផ្ទះ ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាតោក នៃអធិការដ្ឋាននគរបាលស្រុកសំឡូត។
ក្រោយទទួលដំណឹង សមត្ថកិច្ចបានចុះត្រួតពិនិត្យប្រទះឃើញ ប្រភេទគ្រាប់ B67 ចំនួន ០៧គ្រាប់ និងបានចងខ្សែហ៊ុំព័ន្ធ និងដាក់ស្លាកសញ្ញា រួចរាយការណ៍បន្តជូនមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា CMAC ដេីម្បីយកទៅកំទេចចោល ។
ឆ្លៀតក្នុងឱកាសនោះ នគរបាលស្រុកសំឡូត អំពាវនាវដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានទាំងអស់ សូមអោយមានការប្រុងប្រយ័ត្នខ្ពស់ នូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រឺអាវុធខូចគុណភាពផ្សេងៗ ត្រូវរាយការណ៍ជាបន្ទាន់ជូនសមត្ថកិច្ច ជៀសវាងការកើតមានគ្រោះថ្នាក់ ដោយសារយុទ្ធភ័ណ្ឌ និងអាវុធទាំងនោះជាយថាហេតុ៕