កងពលតូចថ្មើរជើងលេខ៥៣ រៀបចំពិធីស្វាគមន៍ ដំណើរទស្សនកិច្ចវគ្គបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្រអប់រំចិត្តសាស្ត្រយោធាជំនាន់ទី៩ ប្រចាំឆ្នាំសិក្សា២០២២-២០២៣

ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៣ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានរៀបចំពិធីស្វាគមន៍និស្សិតយោធាវគ្គបណ្តុះបណ្តាលបរិញ្ញាបត្រអប់រំចិត្តសាស្ត្រយោធាជំនាន់ទី៩ឆ្នាំសិក្សា២០២២-២០២៣ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក គង់ ណាវិន សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ នាយកមហាវិទ្យាល័យអប់រំចិត្តសាស្ត្រ និងស្រាវជ្រាវវិទ្យាសាស្ត្រយោធា ដែលមានសមាសភាពចូលរួម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ មេបញ្ជាការរង នាយសេនាធិការរង នាយការិយាល័យ មេបញ្ជាការវរសេនាតូចទាំង៤ មេបញ្ជាការកងអនុសេនាធំទាំង៧ចំណុះកងពល និងនិស្សិតយោធាចំនួន៣២នាក់ សរុបចំនួន១៣០នាក់។
ឧត្តមសេនីយ៍ត្រី កែវ សេងលន មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ បានឡើងធ្វើមតិស្វាគមន៍អធិបតី និងសមាជិកក្នុងអង្គពិធីទាំងមូលថា លោកមានសេចក្តីសោមនស្សរីករាយជាទីបំផុត ដែលក្រុមនិស្សិតយោធាថ្នាក់បរិញ្ញាបត្រអប់រំចិត្តសាស្ត្រជំនាន់ទី៩ នៃសកលវិទ្យាល័យការពារជាតិដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក គង់ ណាវិន សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ នាយកមហាវិទ្យាល័យអប់រំចិត្តសាស្ត្រ និងស្រាវជ្រាវវិទ្យាសាស្ត្រយោធា មកកាន់ទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ដើម្បីធ្វើទស្សនកិច្ចសិក្សាស្វែងយល់ដកពិសោធន៍អំពីកិច្ចការងារដឹកនាំអង្គភាពរបស់អង្គភាពកងពលឈរជើងការពារនៅព្រំដែន។ លោកបន្តថា នេះគឺជាលើកទី៣ហើយ ដែលនិស្សិតយោធាពីសាកលវិទ្យាល័យការពារជាតិចុះមកធ្វើទស្សកិច្ចសិក្សានៅអង្គភាពកងពលតូចថ្មើរជើងលេខ៥៣ ហើយសង្ឃឹមថាប្អូនៗនិស្សិតយោធាស្វែងយល់និងដកស្រង់បទពិសោធន៍ឲ្យបានច្បាស់បន្ថែមទៅលើការសិក្សានៅឯសាលា។ ព្រោះការសិក្សានៅឯសាលាគឺជាចំណេះដឹង ចំណែកនៅឯអង្គភាពគឺជាចំណេះធ្វើ ដូច្នេះបើយើងមានចំណេះដឹង និងចំណេះធ្វើ នឹងមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការដឹកនាំអង្គភាពរីកចម្រើនជោគជ័យ។
នៅក្នុងឳកាសនោះ ឧត្តមសេនីយ៍ឯក គង់ ណាវិន សាកលវិទ្យាធិការរង សាកលវិទ្យាល័យការពារជាតិ នាយកមហាវិទ្យាល័យអប់រំចិត្តសាស្ត្រ និងស្រាវជ្រាវវិទ្យាសាស្ត្រយោធា ក៏បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការដឹកនាំអង្គភាពរបស់កងពលតូចថ្មើរជើងលេខ៥៣មានការរីកចម្រើនខ្លាំងក្លាគួរឲ្យកត់សម្គាល់ ជាពិសេសការងារកសាង ដែលមានសមិទ្ធិផលថ្មីៗជាច្រើន និងសោភ័ណភាពកងពលគួរជាទីមនោរម្យ។
លោកបន្តថា ប្អូនៗនិស្សិតយោធាត្រូវតែសិក្សាស្វែងយល់ឲ្យបានច្បាស់បន្ថែមទៀតនូវរបៀបដឹកនាំបញ្ជាជោគជ័យរបស់អង្គភាពថ្នាក់ក្រោម ហើយចងក្រងទុកជាឯកសារមេរៀន ឫជាបទពិសោធន៍ ដើម្បីជាទុនឲ្យខ្លួនក្លាយជាអ្នកដឹកនាំអង្គភាពជោគជ័យទៅថ្ងៃអនាគត៕
