បណ្ឌិត ហ៊ុន ម៉ាណែត៖ ក្នុងវិស័យការងារ រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់លើកត្តាអាទិភាពចម្បងចំនួន ៣

ភ្នំពេញ៖ ក្នុងពិធីសម្ពោធរោងចក្រ Aroma Success Garment Co., LTD. នៅខេត្តកំពង់ស្ពឺ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា នៅក្នុងវិស័យការងារ រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ បានយកចិត្តទុកដាក់លើកត្តាអាទិភាពចម្បងចំនួន ៣ ។
កត្តាអាទិភាពចម្បងចំនួន ៣រួមមាន៖
ទី១. ការបង្កើតការងារតាមរយៈការកៀរគរវិនិយោគិនមកពីទូទាំងសាកលលោក ដោយបានខិតខំថែរក្សានូវបរិយាកាសសន្តិភាព ស្ថិរភាព និងសន្តិសុខ រួមជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសំខាន់ៗ ក៏ដូចជាការបង្កើតគោលនយោបាយលើកទឹកចិត្តនានា ដើម្បីធានាបានថា កម្ពុជាគឺជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគរយៈពេលវែង ដែលធានាដល់លំនឹងនៃឱកាសការងារជូនប្រជាពលរដ្ឋ។
ទី២. ការថែរក្សាឱកាសការងារតាមរយៈការរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងបរិស្ថានការងារប្រកបដោយភាពសុខដុមរមនារវាងនិយោជិត និងនិយោជក ដែលជាតួអង្គសំខាន់ក្នុងការធានាបាននូវមូលដ្ឋានរីកលូតលាស់ចម្រុងចម្រើនរបស់រោងចក្រ-សហគ្រាស។
ទី៣. ការបង្កើនបន្ថែមទៀតនូវឱកាសការងារទាំងលើបរិមាណ, គុណភាព និងអត្ថប្រយោជន៍នានា សំដៅបង្កើនកម្រិតជីវភាព សុខុមាលភាព និងសមត្ថភាពជំនាញរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងបរិបទនៃការប្រកួតប្រជែងក្នុងចរន្តសាកលភាវូបនីយកម្ម ៕
