សម្ដេច ស ខេង៖ សិក្ខាកាមទាំងអស់បង្កើនការគោរពវិន័យសាលាឱ្យបានត្រឹមត្រូវ ហើយត្រូវបន្តរក្សាភាពអត់ធ្មត់ តស៊ូ និងព្យាយាមសិក្សារៀនសូត្រឱ្យបានពូកែ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ណែនាំដល់សិក្ខាកាមទាំងអស់បង្កើនការគោរពវិន័យសាលាឱ្យបានត្រឹមត្រូវ ហើយជាមួយគ្នានេះត្រូវបន្តរក្សាភាពអត់ធ្មត់ តស៊ូ និងព្យាយាមសិក្សារៀនសូត្រឱ្យបានពូកែ និងស្ទាត់ជំនាញ ទាំងទ្រឹះស្ដី និងការហ្វឹកហាត់ជាក់ស្ដែង។ សម្ដេចបានបង្ហាញក្ដីសង្ឃឹមថាសិក្ខាកាមទាំងអស់នឹងក្លាយជាធនធានមនុស្សដ៏មានសក្ដានុពលក្នុងជួរកងកម្លាំងនគរបាលជាតិ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនៅប្រទេសវៀតណាម។
មានប្រសាសន៍ក្នុងឱកាសដែរ សម្ដេចក្រឡាហោម ស ខេង អមដំណើរដោយនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមកំពុងសិក្សាតាមបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលនៅភូមិភាគខាងជើង នៃសាធារណរដ្ឋសង្គមនិយមវៀតណាមនៅមហាវិទ្យាល័យបង្ការ និងពន្លត់អគ្គិភ័យ នារសៀលថ្ងៃអាទិត្យ ១៤កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣នេះ ។
សម្ដេចក្រឡាហោម បានបញ្ជាក់ជូនសិក្ខាកាមអំពីសារៈសំខាន់ស្នូលនៃដំណើរទស្សនកិច្ចរបស់សម្ដេច និងគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ មកកាន់សាធារណរដ្ឋសង្គមនិយមវៀតណាមនាពេលនេះ។ សម្ដេចបញ្ជាក់ថាក្រសួងមហាផ្ទៃ និងក្រសួងនគរបាលវៀតណាម តែងរៀបចំកិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំជារៀងរាល់ឆ្នាំ។
សម្ដេចក្រឡាហោម ស ខេង ក៏បានកោតសរសើរ និងលើកទឹកចិត្តខ្ពស់ចំពោះសិក្ខាកាមនគរបាលជាតិកម្ពុជាទាំងអស់ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រទាំងទ្រឹស្ដី និងអនុវត្តការហ្វឹកហាត់ជាក់ស្ដែងលើមុខជំនាញដែលសាលា និងសាស្ត្រាចារ្យវៀតណាមបានអប់រំ និងបណ្ដុះបណ្ដាល។ សម្ដេចមានប្រសាសន៍ថាការខិតខំប្រឹងប្រែងសិក្សារៀនសូត្រត្រូវតែបន្តគ្មានទីបញ្ចប់ និងថាក្រៅពីសាលារៀននោះ កន្លែងបំពេញភារកិច្ចទាំងនៅការិយាល័យ និងមូលដ្ឋានក៏ជាសាលារៀនដែរ ៕
