ចិន បើកជើងហោះហើរលើកដំបូង មកកាន់ខេត្តសៀមរាប ដោយមានដឹកអ្នកដំណើរ ១៣២នាក់ ក្រោយពីជំងឺកូវីដ១៩

ភ្នំពេញ៖ ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយអង្គភាពពាក់ព័ន្ធ កាលពីយប់ថ្ងៃទី០៣ខែមីនាឆ្នាំ២០២៣ បានទទួលស្វាគមន៍ជើងហោះហើរដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ចេញពីទីក្រុងសៀងហៃ នៃប្រទេសចិន ហោះហើរត្រង់មកកាន់ខេត្តសៀមរាប ក្រោយកូវីដ១៩ តាមយន្តហោះប្រភេទ A320 ផ្ទុកអ្នកដំណើរជនជាតិចិនចំនួន១៣២នាក់។
ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines នឹងធ្វើការហោះត្រង់មកកាន់ខេត្តសៀមរាបជាលក្ខណៈ Regular Flight ដោយហោះហើរក្នុ ង១សប្តាហ៍ចំនួន ៣ជើង គឺនៅ ថ្ងៃអង្គារ សុក្រ និងថ្ងៃអាទិត្យ។ បច្ចុប្បន្នអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានជើងហោះហើរជាមធ្យម២៥០ជើង ក្នុង១សប្ដាហ៍ និងមានទេសចរជាមធ្យមចំនួនប្រមាណ ៣ ៤០០ នាក់ ក្នុង១ថ្ងៃ។
ឯកឧត្តម តុប សុភ័ក បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៣នេះដែរ ក៏ជាឆ្នាំពិសេសនៃការទំនាក់ទំនងការទូតរវាងកម្ពុជា និងចិនខួប៦៥ឆ្នាំ ដែលកម្ពុជាក៏បានបង្កើតព្រឹត្តិការធំៗជាច្រើនក្នុងការទាក់ទាញភ្ញៀវទេសចរ។ ឯកឧត្ដមបានបន្ដថា ថ្មីៗនេះរាជរដ្ឋាភិបាលក៏បានចេញសារាចរឆ្នាំទស្សនាកម្ពុជា២០២៣ ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរឱ្យបានច្រើននៅក្នុងឆ្នាំ២០២៣នេះ ស្របពេលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម ហើយសម្រាប់ខេត្តសៀមរាបផ្ទាល់យើងមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តខួប១០ឆ្នាំផងដែរ។
ឯកឧត្តម តុប សុភ័ក បានបន្តទៀតថា នៅឆ្នាំ២០២៣រំពឹងថា កម្ពុជាអាច នឹងទទួលទេសចរអន្តរជាតិប្រមាណ៤លាននាក់ ក្នុងនោះ មានទេសចរចិនប្រមាណ៨០ម៉ឺនទៅ១លាននាក់ ហើយខេត្តសៀមរាបអាចទទួលទេសចរចិន៣០ភាគរយ នៃទេសចរចិនសរុបមកកម្ពុជា។ សម្រាប់ភ្ញៀវទេសចរចិនដែលបានមកដល់ទឹកដីនៃខេត្តសៀមរាបនាពេលនេះ គឺជាឱកាសដ៏ល្អសម្រាប់ជំរុញភ្ញៀវទេសចរចិនឱ្យមកកម្ពុជាកាន់តែច្រើនបន្ថែមទៀត ខណៈប្រទេសចិនគឺជាទីផ្សារទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា ហើយភ្ញៀវទេសចរចិនជាទីផ្សារដ៏ធំសម្រាប់ពិភពលោក និងកម្ពុជា គឺជាការបំពេញបន្ថែមនូវតួលេខដែលយើងមើលឃើញថា នៅមានកម្រិតនៅឡើយ។ ឯកឧត្ដមរដ្ឋលេខាធិការបានអះអាងថា ការមកដល់នៃ ភ្ញៀវទេសចរចិននេះ នឹងផ្តល់ផលប្រយោជន៍ដល់វិស័យឯកជន ក្នុងវិស័យទេសចរណ៍ បង្កើតការងារ បង្កើនប្រាក់ចំណូលដល់សេដ្ឋកិច្ចជាតិ ជាពិសេសអន្តរវិស័យ នៃវិស័យទេសចរណ៍ជាដើម។
ជាមួយគ្នានេះ ចំពោះភ្ញៀវទេសចរចិន ដែលបានមកដល់ខេត្តសៀមរាប បានបង្ហាញការសប្បាយរីករាយ និងពេញចិត្តយ៉ាងខ្លាំងដែលបានមកប្រទេសកម្ពុជាហើយ នឹងនាំភ្ញៀវទេសចរចិនឱ្យមកកម្ពុជាបន្ថែមទៀត។
សូមបញ្ជាក់ថា ក្រោយកូវីដ១៩ ចិនបានធ្វើការហោះហើរមកកម្ពុជាបានចំនួន០៣លើកហើយ ក្នុងនោះ លើកទី១ បានហោះត្រង់ពីប្រទេសចិនមកក្រុងព្រះសីហនុ ជាមួយភ្ញៀវទេសចរចិនប្រមាណជាង១០០នាក់ លើកទី២ បានដឹកភ្ញៀវទេសចរចិនប្រមាណជា១២២នាក់ ហើយក៏នឹងលើកទី៣ ថ្ងៃទី០៣ ខែមីនានេះ មកក្រុងសៀងហៃប្រទេសចិន ហោះហើរត្រង់មកកាន់ខេត្តសៀមរាប រួមជាមួយភ្ញៀវទេសចរចិនចំនួន ១៣២នាក់ ៕
