មុខសញ្ញាលួចម៉ូតូនៅក្រុងបាត់ដំបង ត្រូវសមត្ថកិច្ចឃាត់ខ្លួនអនុវត្តតាមច្បាប់

បាត់ដំបង៖ លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបង្ក្រាបចុះប្រតិបត្តិការបង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( កាត់តខ្សែភ្លើងលួចយកម៉ូតូ )១ករណីនិងបានធ្វើការនាំខ្លួនជនសង្ស័យម្នាក់។
ការឃាត់ខ្លួននេះបានធ្វើឡើង កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ២៣និង២០ នាទីនៅចំណុចភូមិអូរតាគាំ៣ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ណាត ស៊ីណាន់ ហៅ ប៊ី ខ្លឹម ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំ នៅភូមិ អង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងមកកាន់ស្នងការដ្ឋាន។
វត្ថុតាងដកហូតរួមមាន៖ ម៉ូតូ១ គ្រឿង ម៉ាក HONDA ZOOMER X ពណ៌ ស ក្រហម ស៊េរីឆ្នាំ ២០១៧ លេខតួ 5158346 លេខម៉ាស៊ីន 0158346 ពាក់ស្លាកលេខ បាត់ដំបង 1Y-6864។
សូមជម្រាបជូនថាមូលហេតុដែលនាំទៅដល់ការឃាត់ខ្លួននេះគឺនៅថ្ងៃទី១ ខែ មីនា ឆ្នាំ ២០២៣ វេលាម៉ោង ប្រមាណ ១៩និង០០ នាទី នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យខាងលើ បានធ្វើសកម្មភាពជិះម៉ូតូឌុបចេញពីម្តុំស្ថានីយ៍រថភ្លើង ក្នុងគោលបំណងទៅផ្ទះរបស់ម្តាយ នៅភូមិអង់ សង្កាត់អូរចារ លុះពេលទៅដល់ចំណុចកើតហេតុខាងលើ ដោយឃើ ញម៉ូតូ ដូចភិនភាគខាងលើរបស់ជនរងគ្រោះ ឈ្មោះ នាង លេក ភេទស្រី អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិព្រែកច្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មុខរបរ លក់ដូរទុកនៅខាងមុខផ្ទះ មិនមានម្ចាស់ ជនសង្ស័យខាងលេីក៏បានដើរចូលទៅទាញផ្តាច់ខ្សែភ្លើង ហើយរុំតភ្ជាប់រួចជិះគេចខ្លួនបាត់។
នៅពេលកើតហេតុជនរងគ្រោះបាន ប្តឹងចូលមកសមត្ថកិច្ចនគរបាលហើយ ឆ្លងតាមរយ:ការស្រាវជ្រាវសមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។
បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់រីឯម៉ូតូបានប្រគល់ជូននរងគ្រោះវិញ៕
