កាកបាទក្រហមកម្ពុជាខេត្តកណ្តាល រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការប៉ាន់ប្រមាណសមត្ថភាពសាខាខេត្តកណ្តាល នៅជុំទី២ ឆ្នាំ២០២៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពីការប៉ាន់ប្រមាណសមត្ថភាពសាខាខេត្តកណ្តាល នៅជុំទី២ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កាកបាទក្រហមកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខា កក្រក ខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាគណៈកម្មាធិការសាខា និងមន្ត្រី ព្រមទាំងក្រុមការងារបច្ចេកទេសមកពីទីស្នាក់ការកណ្ដាល, ក្រុមប្រតិបត្តិសាខា, អនុសាខា, អ្នកស្ម័គ្រចិត្ត, ទីប្រឹក្សាយុវជនកាកបាទក្រហមកម្ពុជា សរុប ៤០នាក់។
នៅក្នុងឱកាសនៃការចាប់ផ្ដើមកម្មវិធី ឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណ:កម្មាធិការសាខា បានសម្ដែងនូវ
សេចក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅ ដល់ក្រុមការងារប៉ាន់ប្រមាណសមត្ថភាពសាខា-BOCA ជុំទី២ ក្នុងគោលបំណងលើកកម្ពស់គុណភាព នៃការអនុវត្តការងារឱ្យមានប្រសិទ្ធភាព តាមលក្ខណៈវិនិច្ឆ័យជាសាខាមានដំណើរការល្អ និងស្របតាមទិសវិមជ្ឈការនិងវិសហមជ្ឈការ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានថ្លែងអំណរគុណ លោកជំទាវ ហួន ច័ន្ទបូរ៉ា នាយិកានាយកដ្ឋានទំនាក់ទំនង កក្រក បានអញ្ជើញចូលរួមជាអធិបតី និងក្រុមការងារបច្ចេកទេសបានជួយសម្របសម្រួលដល់កិច្ចប្រជុំប៉ាន់ប្រមាណសមត្ថភាពសាខានាពេលនេះ។
នៅក្នុងមតិសំណេះសំណាលបើកកិច្ចប្រជុំ ឯកឧត្តម គង់ សោភ័ណ្ឌ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះសមាជិក សមាជិកា នៃអង្គពិធីទាំងមូល។
ឯកឧត្តម បានលើកពីការប៉ាន់ប្រមាណសមត្ថភាពសាខា ដែលសមាគមជាតិនៅក្នុងសកលលោកកំពុងបាន និងកំពុងអនុវត្តដែលក្នុងនោះ កាកបាទក្រហមកម្ពុជា បានទទួលយកវិធីសាស្រ្តបូកា BOCA មកអនុវត្តតាំងពីឆ្នាំ២០១៥ ។
ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ការប៉ាន់ប្រមាណសមត្ថភាពសាខា មានវត្ថុបំណងចំនួន៣គឺ៖
1-ស្វែងយល់អំពីសមត្ថភាព និងរបៀបបំពេញការងារនាពេលបច្ចុប្បន្នរបស់សាខា 2- ឈានទៅសម្រេចនូវការឯកភាពគ្នាជារួមលើអាទិភាពនានា សម្រាប់ជួយលើកកម្ពស់សាខាបន្ថែមទៀត និង 3-កសាងផែនការប្រតិបត្តិដើម្បីការពង្រឹង និងធានានិរន្តរភាព សមត្ថភាពផ្តល់សេវារបស់សាខា និងភាពធន់មាំរបស់សហគមន៍។
ឯកឧត្តមអគ្គលេខាធិការរងទី២ បានលើកទឹកចិត្ត អង្គពិធីទាំងមូល ចូលរួមយ៉ាងផុលផុស ក្នុងកិច្ចប្រជុំប៉ាន់ប្រមាណសមត្ថភាពសាខារយ:ពេល១ថ្ងៃកន្លះ ក្នុងការកំណត់សូចនាករជាអាទិភាព សម្រាប់បំពេញបន្ថែមលើផែនការប្រចាំឆ្នាំ និងផែនការអភិវឌ្ឍន៍សាខា ដើម្បីចូលរួមលើកកម្ពស់សមត្ថភាពសាខា និងមានភាពម្ចាស់ការក្នុងការផ្ដល់សេវាមនុស្សធម៌ជូនដល់គ្រួសាររងគ្រោះ និងងាយរងគ្រោះស្រប បានទៅតាមពាក្យស្លោក “សកម្មភាពនៅមូលដ្ឋានសម្រេចបានគោលដៅសកល “៕
