ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មានតួនាទីសំខាន់មិនអាចខ្វះបាន ក្នុងការអភិវឌ្ឍមូលធនមនុស្ស

ភ្នំពេញ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ នឹងសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឺះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និងឯកជន នាថ្ងៃទី២៦ ខែកុម្ភៈ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស។
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំពង្រឺង និងពង្រីកការវិនិយោគ និងការធ្វើបរិវត្តកម្ម TVET ដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹងទាំងផ្នែករឹង និងផ្នែកទន់ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារការងារក្នុងវិស័យឧស្សាហកម្ម ទិសដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការប្រែប្រួលបច្ចេកវិទ្យានៃបដិវត្តឧស្សាហកម្ម ៤.០។
ឯកឧត្តមបណ្ឌិត បន្ថែមថា ជាក់ស្តែង ក្នុងឆ្នាំ ២០២៣ នេះ កម្ពុជាកំពុងបន្តរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ (TVET DAY) ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ» ក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងដើម្បីធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករ-និយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជន ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និង ប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងស្រុក និងក្រៅប្រទេស ៕
