សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ រៀបចំប្រារព្វទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៣

ភ្នំពេញ៖ សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ នាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំប្រារព្វទិវាជាតិ សុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៣ ក្រោមប្រធានបទ «ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក កុមារ យុវវ័យ និងអាហាររូបម្ថម្ភ ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពនៅឆ្នាំ២០៣០» ក្រោមអធិបតីភាព លោកជំទាវ ហឹង ណារី វ៉ាថន ប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់សាខា និងជា អនុប្រធានកិត្តិយសសាខា។ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា អនុសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងស្រ្តីមានផ្ទៃពោះ ស្រ្តីទើបសម្រាលបុត្រ ស្ត្រីមានកូនតូច សរុបប្រមាណចំនួន ៦៥នាក់។
មានប្រសាន៍សំណេះសំណាលក្នុងឱកាសនោះ លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងបានគិតដល់សុខទុក្ខបង-ប្អូនរួមជាតិ ជាពិសេសការរស់នៅតាមគន្លងថ្មី ៣កុំ ៣ការពារ ក្នុងបរិបទនៃជំងឺកូវីដ-១៩។
លោកជំទាវ បានបញ្ជាក់ថាបច្ចុប្បន្ននេះ យើងកត់សម្គាល់ឃើញថា ស្ត្រីភាគច្រើនបានទៅពិនិត្យផ្ទៃពោះតាមការណាត់របស់គ្រូពេទ្យ ទៅទទួលសេវាថែទាំ និងថ្នាំបង្ការការចម្លងមេរោគផ្សេងៗ ដូចជា៖ មេរោគអេដស៍ មេរោគស្វាយ ជំងឺរលាកថ្លើមប្រភេទបេពីម្តាយមកទារកក្នុងផ្ទៃ បានបោះបង់ទម្លាប់សម្រាលកូនដោយឆ្មបបុរាណ មកជាការសម្រាលកូន នៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងកន្លែងដែលមានពេទ្យជំនាញ កាត់បន្ថយបានយ៉ាងពិតប្រាកដ អត្រាមរណៈរបស់មាតានិងទារក ដែលនេះគឺជាវិធីសាស្ត្រមួយធ្វើឱ្យ បានជ្រួតជ្រាបដល់បងប្អូនរួមជាតិយើង ហើយបាននិងកំពុងរួមចំណែក ធ្វើឱ្យមានការផ្លាស់ប្តូរឥរិយាបទក្នុងចំណោមស្ត្រីជាមាតា និងស្ត្រីមានផ្ទៃពោះ ៕
ហើយ លោកជំទាវ ក៏បានបញ្ជាក់ទៀតថា ទោះបីស្ថិតក្នុងស្ថានភាពជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ សូមឱ្យស្ត្រីជាមាតាទាំងអស់ ទៅពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច៤ដង ទៅតាមការកំណត់របស់គ្រូពេទ្យ ដើម្បីអាយុជីវិតមាតា ទារក ក្នុងពេលសម្រាល។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ បានពាំនាំនូវសារអំពាវនាវទាំង ៦ចំណុច របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្ញើជូនចំពោះ បងប្អូនស្រ្តីទាំងអស់ ក្នុងឱកាសនៃទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ឆ្នាំ២០២៣ នេះផងដែរ ។
បន្ទាប់មកទៀតនៅពេលនោះ លោកជំទាវ ក៏បានឆ្លៀតឱកាសបន្តចុះសួរសុខទុក្ខ បងប្អូនជាស្ត្រីដែល ទើបតែសំរាល នឹងត្រៀមសំរាល នៅមន្ទីពេទ្យបង្អែកស្រុកព្រែកប្រសព្វ ចំនួន ៩នាក់ បន្ថែមទៀត ។ សរុបទាំងអស់ ៤០នាក់ ក្នុងនោះអំណោយដែលផ្តល់ជូនក្នុងមួយនាក់ទទួលបាន៖ សារុង១ កន្សែងពោះគោ១ ទឹកដោះគោឆៅ១២កំប៉ុង ខោទឹកនោម១ដុំ និង ថវិកា៥០.០០០រៀល ។
