ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ចុះសួរសុខទក្ខស្ត្រីទើបសម្រាល និងត្រៀមសម្រាលបុត្រ នៅមន្ទីរពេទ្យចំនួន២ ក្នុងខេត្តតាកែវ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ នូ សុវណ្ណនី អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ តំណាង ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅសាខាកាកបាទក្រហមកម្ពុជា ខេត្តតាកែវ រួមដំណើរដោយ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិកសមាជិការ គណៈកម្មាធិការសាខា មន្ត្រីប្រតិបត្តិសាខានិងមន្ត្រីអនុសាខា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាឃីដដែលមានសម្ភារ:សម្រាប់ស្ត្រី និងកុមារ របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ផ្តល់ជូនគ្រួសារស្ត្រីទើបសម្រាល និងត្រៀមសម្រាលបុត្រ នៅមន្ទីរពេទ្យបង្អែកស្រុកគិរីវង់ចំនួន ២៥ នាក់ និងមន្ទីរពេទ្យបង្អែកខេត្តតាកែវចំនួន២៩ នាក់។
នាឱកាសនោះ លោកជំទាវប្រធាន បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម អ៊ូច ភា ប្រធានគណៈកម្មាធិការសាខា ពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តីនិងកុមារ ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
ទន្ទឹមនិងនោះលោកជំទាវប្រធានបានផ្តាំផ្ញើដល់ស្ត្រីទាំងអស់ ឲ្យខិតខំថែរក្សាសុខភាពឲ្យបានល្អដោយប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឲ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ និងសូមអនុវត្តនូវវិធានការ ៣ការពារ និង ៣កុំ និងទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា ដើម្បីការពារការឆ្លងជំងឺកូវីដ-១៩ ។
អំណោយផ្តល់ជូនក្នុងម្នាក់ៗមានមួយឃីដ រួមមាន៖ – កញ្ច្រែងជ័រមួយ- ពូកខ្នើយទារកមួយ- មុងគ្របទារកមួយ- កូនកន្សែងទារកពីរផ្ទាំង- ស្រោមដៃស្រោមជើង និងមួកទារកមួយកំប្លេ- ខោអាវទារកមួយកំប្លេ – ម្សៅលាបទារក មួយដប- សាប៊ូសម្រាប់ប្រើលើទារកមួយដប- ប្រេងកូឡាតាប៉ិមួយដប- ឧបត្ថម្ភជាថវិកាក្នុងម្នាក់ ពីរម៉ឺនរៀល៕
