សម្តេចតេជោ ហ៊ុន សែន៖ ក្រុមប្រឆាំងចេះតែថាសម្តេចល្ងង់ ប៉ុន្តែបែរជាមិនអាចយកឈ្នះសម្តេច

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញចម្ងល់ថា ក្រុមប្រឆាំងចេះតែថាសម្តេចមិនចេះ ប៉ុន្តែបែរជាយកឈ្នះសម្តេចមិនបានទៅវិញ។
ថ្លែងពេលអញ្ជើញជាអធិបតី ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាថ្ងៃទី២៤ កុម្ភៈនេះសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចបានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសជាច្រើន ក្នុងនោះមានទាំងក្នុងប្រទេស និងក្រៅប្រទេស។
សម្តេចតេជោ បានបន្តថា បើសិនជាសម្តេចតេជោ ពិតជាល្ងង់ដូចក្រុមប្រឆាំងថាមែននោះ ប្រទេសជាតិមិនមានសន្តិភាព និងការអភិវឌ្ឍនោះឡើយ ហើយបើសម្តេចតេជោ ល្ងង់មែននោះ ក្រុមប្រឆាំងយកឈ្នះសម្តេចបានបាត់ទៅហើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមែនសាលាណា ចេះតែអាចផ្តល់បណ្ឌិតកិត្តិយសជូនសម្តេចនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «សាកលវិទ្យាល័យផ្តល់ឱកាសឲ្យខ្ញុំទទួលជាបណ្ឌិតកិត្តិយស។ ខ្ញុំសូមបញ្ជាក់ថា នៅកម្ពុជាយើងខ្ញុំទើបតែទទួល ២តែប៉ុណ្ណោះទេ មួយនៅសាកលវិទ្យាល័យកម្ពុជា និងមួយទៀតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ មិនមែនបានសេចក្តីថា សាកលវិទ្យាល័យណាក៏ខ្ញុំទទួលទេ។ សូម្បីតែសាកលវិទ្យាល័យនៅក្រៅប្រទេស ដែលផ្តល់ឲ្យខ្ញុំកន្លែងខ្លះខ្ញុំទទួល កន្លែងខ្លះខ្ញុំអត់ទទួលទេ។ ហើយសាកលវិទ្យាល័យ ដែលខ្ញុំទទួលហើយប៉ុន្តែមិនទាន់មានឱកាសទៅយក គឺសាកលវិទ្យាល័យកូរ៉េ។ បណ្ឌិត កិត្តិយសខ្ញុំមានច្រើន ប៉ុន្តែនៅពេលខ្ញុំនិយាយ គេវាយប្រហារទៀតថាជាមនុស្សភ្លើ ជាមនុស្សល្ងង់។ ប៉ុន្តែខ្ញុំចេះតែសួរខ្លួនឯងថា ចុះពួកហ្នឹង វាមានសមត្ថភាពយ៉ាងម៉េចបើវាយកឈ្នះអាល្ងង់មិនបានផង។ និយាយតាមមួយបែបថា អ្នកឯងចោទថាខ្ញុំល្ងង់ ហើយចុងបំផុតអ្នកឯងចាញ់មនុស្សល្ងង់ គឺវាជាការអន់ថយខ្លាំងណាស់។ បើចាត់ទុកថា ខ្ញុំជាមនុស្សឆ្លាតម្នាក់ បានជាមិនអាចយកឈ្នះខ្ញុំបាន ដូចជាសមរម្យបន្តិច»។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅតែជាសាកលវិទ្យាល័យដើរតួនាទីសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រុមប្រឆាំងរៀនក្រោមដំបូលសាលាខ្មែររហូតបានចំណេះដឹង តែបែរជាបន្តុះបង្អាប់ការបណ្តុះបណ្តាលនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់និស្សិតបញ្ចប់ការសិក្សា បន្តសិក្សារៀនសូត្របន្ថែមទៀត៕
