ឯកឧត្ដម ហ៊ុន ម៉ាណែត៖ ការបើកដំណើរការប្រទេស ក្រោយការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវយុទ្ធនាការចាក់វ៉ាក់សាំង បានអនុញ្ញាតឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចឡើងវិញ

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ការបើកដំណើរការប្រទេសឡើងវិញនៅក្រោយការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំង បានអនុញ្ញាតឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចឡើងវិញ ។
ក្នុងពិធីបើកសម្ពោធលក់ជាផ្លូវការនៃ “គម្រោងមានជ័យ រ៉េស៊ីដិនស៍ (Meanchey Residence)” របស់ក្រុមហ៊ុន Rose Marvel Property Development Co., Ltd នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរចំពោះគម្រោងមានជ័យ រ៉េស៊ីដិនស៍ ដែលសមិទ្ធផលនេះបានកើតចេញពីសមត្ថភាព, ការប្រឹងប្រែង និងការយកចិត្តទុកដាក់ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ និងបុគ្គលិក-និយោជិតទាំងអស់របស់ក្រុមហ៊ុន ស្របពេលដែលកម្ពុជាកំពុងបោះជំហានងើបចេញពីវិបត្តិនៃជំងឺកូវីដ-១៩ ប្រកបដោយភាពស្វាហាប់ និងថាមពល។
ឯកឧត្តមបណ្ឌិតបញ្ជាក់ថា «ការបើកដំណើរការប្រទេសឡើងវិញនៅក្រោយការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវយុទ្ធនាការជាតិចាក់វ៉ាក់សាំង បានអនុញ្ញាតឱ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចឡើងវិញ ដែលតាមរយៈការព្យាករណ៍របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺក្នុងរង្វង់ប្រមាណ ៥,២ ភាគរយ នៅក្នុងឆ្នាំ២០២២ និងប្រមាណ ៥,៦ ភាគរយនៅឆ្នាំ២០២៣។ តួលេខនេះ គឺស្ថិតលើគន្លងឆ្ពោះទៅកាន់កំណើនកាលពីមុនវិបត្តិនៃជំងឺកូវីដ-១៩» ។
