ឯកឧត្តម ខៀវ មុត ជួបសំណេះសំណាលអាជ្ញាធរស្រុក និងមណ្ឌលសុខភាពទាំង១៣ ចំណុះស្រុកប្រតិបត្តិបាទី

ភ្នំពេញ៖ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ នារសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ថ្នាក់ដឹក មន្ត្រីរដ្ឋបាលស្រុក មេឃុំទាំង១៥ និងមណ្ឌលសុខភាពទាំង១៣ ចំណុះស្រុកប្រតិបត្តិបាទី ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៧នាក់ នៅក្នុងសាលប្រជុំសាលាស្រុកបាទី ខេត្តតាកែវ ។
ក្នុងពិធីសំណេះសំណាល ឯកឧត្តម ខៀវ មុត បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់សម្ដេចប្រមុខរដ្ឋស្តីទី និងបានជម្រាបជូនអំពីតួនាទី ភារកិច្ច និងមុខងាររបស់ព្រឹទ្ធសភា ព្រមទាំងបានសំណូមពរដល់មន្ត្រីសុខាភិបាល និងអាជ្ញាធរស្រុក ឃុំ បន្តយកចិត្តទុកដាក់ថែរក្សាសន្តិភាព ពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព និង សណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ និងបន្តចុះអប់រំសុខភាពជូនប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺគ្រប់ប្រភេទ ពិសេសការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយត្រូវបន្តអនុវត្តន៍នូវវិធានការ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួនជាប់ជាប្រចាំ ។
មុននឹងបញ្ចប់កម្មវិធីសំណេះសំណាលឯកឧត្តមបានប្រគល់ជូននូវឧបករណ៍តេស្តរហ័ស( Rapid Test )កូវីដ-១៩ ចំនួន ១៣៥ប្រអប់ ស្មើនឹងឧបករណ៍តេស្តចំនួន ៣៣៧៥ឧបករណ៍តេស្ត ដល់រដ្ឋបាលស្រុកប្រតិបត្តិបាទី និងមណ្ឌលសុខភាពទាំង១៣ ដោយក្នុងមួយមណ្ឌលសុខភាពទទួលបានចំនួន៩ប្រអប់ ស្មើនឹង២២៥តេស្ត ព្រមទាំងបានឧបត្ថម្ភថវិកាមួយចំនួនជូនដល់មណ្ឌលសុខភាពទាំង១៣មណ្ឌលផងដែរ ៕
