អភិបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនពិការអន្តរជាតិលើកទី៤០

ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង នារសៀលថ្ងៃចន្ទ ៨រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនពិការអន្តរជាតិលើកទី៤០ ក្រោមប្រធានបទ”ពិការភាពទាំងអស់មិនអាចកំណត់ដោយការមើលនិងភ្នែកនោះទេ”។ មានការអញ្ជើញចូលរួមពី កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងបងប្អូនជនមានពិការភាពផងដែរ ពិធីនេះប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្ត។
នៅក្នុងឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង បានអានសារលិខិតសម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៤ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤០។
ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍សំណេះសំណាលសាកសួរសុខទុក្ខបងប្អូនជនពិការទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីនេះ។ ជាមួយគ្នានេះ ឯកឧត្តម បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា ប្រារព្ធទិវាជនពិការកម្ពុជាលើកទី២៤នេះឡើង គឺដើម្បីរំលឹកគុណូបការដល់វិរជនស្នេហាជាតិ ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីជាតិមាតុភូមិ និងប្រជាជនកម្ពុជា ក្នុងរបបប្រល័យពូជសាសន៍ ដែលបានបន្សល់ទុកនូវផលវិបាកជាច្រើន ក្នុងនោះរួមមាន ស្រ្តីមេម៉ាយ កុមារកំព្រា ជនពិការ ព្រមទាំងគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម។
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនជនមានពិការភាពចំនួន ៨០នាក់ ដោយក្នុងម្នាក់ៗទទួលបាន មី ១កេស, សារុង ១ និងថវិកា២ម៉ឺនរៀល ផងដែរ ៕
