ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញបើកកិច្ចប្រជុំ បូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វឆ្នាំ២០២២ និងលើកទិសដៅ២០២៣

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ចូលរួមពិធីបើកកិច្ចប្រជុំ បូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វឆ្នាំ២០២២ និងលើកទិសដៅ២០២៣ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ។
ក្នុងពិធីបើកកិច្ចប្រជុំបូកសរុបការងារសុខភាពសត្វ និងផលិតកម្មសត្វឆ្នាំ២០២២នេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដែលបានខិតខំប្រឹងប្រែងជំនះរាល់ការលំបាក និងបញ្ហាប្រឈមនានា ក្នុងការបំពេញតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវ ទោះបីក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី រហូតសម្រេចបានលទ្ធផលល្អប្រសើរជូនអង្គភាព ក្រសួង និងរាជរដ្ឋាភិបាល ដោយអនុវត្តលើសផែនការដល់ទៅ ១១% ។
ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍គន្លឹះដល់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វឱ្យធ្វើការពិនិត្យ និងចាត់អាទិភាពការងារ ដោយមានផែនការច្បាស់លាស់ តម្រង់ទិសទាំងការងារជំនាញ និងនយោបាយ ព្រមទាំងត្រូវចំណាយឱ្យចំគោលដៅ និងមានប្រសិទ្ធភាពការងារពិតប្រាកដ។ ការធ្វើផែនការគឺត្រូវផ្តោតគិតគូរលើសន្តិសុខស្បៀង និងនិរន្តរភាព ផ្អែកលើអាហារមានជីវជាតិតាមទំនៀមទម្លាប់ និងវប្បធម៌ ដោយដាក់សន្តិសុខស្បៀងជាអាទិភាព។
ទន្ទឹមនឹងនេះ ត្រូវមានការយោគយល់នូវសាសនា និងអនាម័យ និងភូតគាមអនាម័យ ព្រមទាំងធ្វើការបែងចែងឱ្យច្បាស់លាស់ជាមួយនឹងច្បាប់រដ្ឋ។ លើសពីនេះទៀត ត្រូវធ្វើយ៉ាងណាឱ្យទាំងអ្នកចិញ្ចឹម អ្នកបរិភោគ និងអ្នកពាក់ព័ន្ធក្នុងខ្សែច្រវាក់ផលិតកម្មសប្បាយចិត្ត យល់ត្រឹមត្រូវ មិនមានការយល់ច្រឡំ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ចំពោះការងារសត្តឃាតដ្ឋាន គឺត្រូវធ្វើឱ្យប្រសើរឡើង និងមានស្តង់ដា មាននិរន្តរភាព និងមានផលចំណេញ ដើម្បីបម្រើជាតិប្រជាជនពិតប្រាកដ។
តាមរយៈសន្និបាតនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមន្ដ្រីគ្រប់លំដាប់ថ្នាក់ព្យាយាមជំរុញបន្ថែម និងដោះស្រាយបញ្ហាប្រឈម ក្នុងកម្មវិធីសន្និបាតនេះផ្ទាល់តែម្តង កុំបណ្ដែតបណ្ដោយឱ្យបញ្ហា នៅចាក់ស្រេះគ្មានដំណោះស្រាយនោះ។
លើសពីនេះទៀត ឯកឧត្តម បានស្នើឱ្យអគ្គនាយកដ្ឋាន វិភាគ ពីតម្លៃសត្វ និងចំណូលចំណាយ ដែលអាចតម្រង់ទិសទាន់ពេលវេលា។ ហើយត្រូវពិនិត្យឡើងវិញ និងមិនត្រូវឱ្យមានការិយាធិបតេយ្យឡើយ តែត្រូវរក្សាធនធានមនុស្សមានសមត្ថភាពនិងធ្វើការឱ្យមានប្រសិទ្ធភាព ឱ្យមានការងារទទួលខុសត្រូវទៅតាមជំនាញ និងបច្ចេកទេសផ្ទាល់។
សូមជម្រាបជូនផងដែរថា វិបត្តិសាកលនៃជំងឺកូវីដ-១៩ បានរុញច្រានសេដ្ឋកិច្ចកម្ពុជាឱ្យធ្លាក់ចូលក្នុងកំណើនអវិជ្ជមាន -៣,១% ក្នុងឆ្នាំ២០២០ ហើយសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី និងបញ្ហាប្រឈមធំៗផ្សេងទៀត បាននិងកំពុងបន្តជះឥទ្ធិពលមកលើសេដ្ឋកិច្ចកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជាបានជំនះបញ្ហាប្រឈម ឧបសគ្គ និងការលំបាកនានា និងបានស្តារសេដ្ឋកិច្ចកម្ពុជាឱ្យសម្រេចបានកំណើន ៣% ក្នុងឆ្នាំ២០២១ និង ៥.២% ក្នុងឆ្នាំ២០២២ ហើយលើសពីនេះទៀត សេដ្ឋកិច្ចកម្ពុជាត្រូវបានគេរំពឹងថា នឹងបន្តភាពល្អប្រសើរនិងអាចសម្រេចកំណើនរហូត ៧%ដូចមុនវិបត្តិកូវីដ-១៩។ ចំពោះការងារចិញ្ចឹមសត្វគឺសម្រេចកំណើនបាន ៨,៨%ក្នុងឆ្នាំ២០២២ ហើយជាលទ្ធផលកម្ពុជា អាចផ្គត់ផ្គង់សាច់សម្រាប់តម្រូវការ ក្នុងស្រុកបានរហូត ៩៥% ហើយផលិតកម្មសាច់ ការនាំចេញសត្វ និងផលិតផលសត្វ គឺមានទំហំទឹកប្រាក់ប្រមាណជាង ២ពាន់លានដុល្លា ក្នុងឆ្នាំកន្លងទៅ។ លើសពីនេះទៀត រោងចក្រក្នុងស្រុក២៦ មានសមត្ថភាពផលិតជាង ១,៥លានតោន/មួយឆ្នាំ ដែលអាចផ្គត់ផ្គង់ចំណីសត្វបាន ៦៧% នៃតម្រូវការក្នុងស្រុក៕
