លោកស្រី ឃឹម ណាត់ធីម៉ុន ក្លាយជាតំណាងប្រទេសកម្ពុជា ចូលរួមវេទិកាអន្តរជាតិ នៅហ្វីលីពីន ក្រោមប្រធានបទ

ភ្នំពេញ៖ លោកស្រី ឃឹម ណាត់ធីម៉ុន ជាស្ត្រីកម្ពុជាមួយរូប បានក្លាយជាតំណាងប្រទេសកម្ពុជាចូលរួមវេទិកាអន្តរជាតិនៅក្នុងប្រទេសហ្វីលីពីន ក្រោមប្រធានបទ” យុវជនជាអ្នកកសាងសន្តិភាពពិភពលោក” ដែលមានការចូលរួមពីប្រតិភូតំណាងប្រទេសផ្សេងៗគ្នានៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
លោកស្រីត្រូវបានអញ្ជើញឱ្យធ្វើជា វាគ្មិនកិត្តិយសដែលបកស្រាយអំពី “បញ្ហាការជួញដូរមនុស្ស និងដំណោះស្រាយដើម្បីលុយបបំបាត់អំពើជួញដូរមនុស្សលើគ្រប់ទម្រង់”។ កម្មវិធីនេះរៀបចំឡើងដោយអង្គការ បណ្តាញយុវជនអន្តរសាសនាអាស៊ីប៉ាស៊ីហ្វិក (Asia Pacific Inter-Religious Youth Network) ឬហៅកាត់ថា APIYN បង្កើតឡើងដើម្បីប្រមូលផ្តុំនូវយុវជន យុវនារីឆ្នើមដែលបានចូលរួមកិច្ចការសង្គមដើម្បីជាចំណែកជួយអភិវឌ្ឍសង្គមតាមរយៈវិស័យផ្សេងៗដូចជា ការអប់រំអំពីអន្តរជំនឿសាសនា ការការពារបរិស្ថាន ការកសាងសន្តិភាព និងលើកកម្ពស់ការយល់ដឹងអំពីសេរីភាពក្នុងការកាន់សាសនា។
លោកស្រីបានបន្ថែមថា កម្ពុជាបាននិងកំពុងតែធ្វើការយ៉ាងសកម្មលើការលុបបំបាត់អំពើជួញដូរមនុស្ស ហើយក្នុងនោះផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសដាក់ វេទិកាអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ជាទិវាជាតិ អន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ដោយកំណត់យកថ្ងៃទី២០ ខែសីហា រៀងរាល់ឆ្នាំជាថ្ងៃប្រារព្ធពិធីនេះទៀតផង។
លោកស្រីបានចែករំលែកបទពិសោធមួយចំនួនដើម្បីអាចក្លាយជាអ្នកតំណាងកម្ពុជាចូលរួមវេទិកាអន្តរជាតិបែបនេះគឺ ក្នុងនាមជាបញ្ញវន្ត ការសិក្សាគឺជារឿងសំខាន់ ហើយរឹតតែសំខាន់ទៅទៀតនោះគឺការយកចំណេះដឹងដែលមានទៅជួយកសាងសង្គមឱ្យបានរីកចម្រើននិងមានសន្តិភាព។ ក្រៅពីការសិក្សា យុវជនគួរចូលរួមការងារសង្គមឱ្យបានច្រើនដើម្បីទទួលបានបទពិសោធន៍ថ្មីៗ អាចចែករំលែកចំណេះដឹងដល់អ្នកដែលកំពុងត្រូវការជំនួយពីយើងទាំងអស់គ្នា ហើយជាពិសេសដើម្បីទទួលបានឱកាសជាអ្នកដំណាងប្រទេសក្នុងការចូលរួមកម្មវិធីអន្តរជាតិផ្សេងៗ។
ជាចុងក្រោយ ពាក្យថាសន្តិភាពគឺមិនមែនមានន័យថា ជាការគ្មានសង្រ្គាមនិងអំពើហិង្សានោះទេ តែសន្តិភាពកើតឡើងពីយើងម្នាក់ៗ គឺអ្វីដែលជារឿងល្អដែលយើងអាចធ្វើបាន យើងគួរចូលរួមម្នាក់បន្តិចៗដើម្បីធ្វើជាចំណែកនៃដំណោះស្រាយជាជាងការរិះគន់ដែលមិននាំមកនូវភាពរីកចម្រើន ៕

