លោកជំទាវបណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន អញ្ជើញសម្ពោធឆ្លង សាលាធម្មសភា និងសមិទ្ធផលនានា នៅវត្តទក្ខិណគង្គរាម (វត្តអញ្ចាញ)

ភ្នំពេញ៖ លោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសន៍នូបត្ថម្ភក៍បណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន អញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លង សាលាធម្មសភា និងសមិទ្ធផលនានា នៅវត្តទក្ខិណគង្គរាម (វត្តអញ្ចាញ) ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ ដោយមានការចូលរួមលោក លី សារី អភិបាលរងខេត្ត តំណាង ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក លោកស្រី ប្រធាន អនុប្រធាន តំណាងមន្ទីរជំនាញនានាជុំវិញខេត្ត អភិបាលស្រុក ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំ អង្គភាពភូមិ តាជី យាយជី បងប្អូនប្រជាពលរដ្ឋ ចូលរួមយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
លោក រ័ត្ន ដាស៊ីណង់ អភិបាល នៃគណៈអភិបាលស្រុកមង្គលបូរីក៏បានមានប្រសាសន៍ថា៖ ស្រុកមង្គលបូរីមានវត្តសរុប ៥៨ វត្ត ព្រះសង្ឃ ១.០៣៣ អង្គ ភិក្ខុ ២៨៣ អង្គ អាចារ្យ ២៣១ នាក់ គណៈកម្មការវត្ត ៣៧៥ នាក់ តាជី ៣៧ នាក់ យាយជី ៨៨ នាក់ សាលាពុទ្ធិកបឋមសិក្សាបាលីរងមាន ៣៨ថ្នាក់ សិស្សសរុប ៥៧៦អង្គ/នាក់ សាលាធម្មវិន័យមាន ៣៦ថ្នាក់ សិស្សសរុប ៥៣៩អង្គ/នាក់។
លោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងពីការវិវឌ្ឍរីកចម្រើន និងការខិតខំប្រឹង ប្រែងបំពេញការងារបម្រើវិស័យព្រះពុទ្ធសាសនា និងសង្គមជាតិ ដ៏គួរអោយកត់សំគាល់ ដែលកើតចេញពីកម្លាំងសាមគ្គី ព្រៀងគ្នារវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រះមន្ត្រីសង្ឃ ព្រះសង្ឃ និងពុទ្ធបរិស័ទគ្រប់រូប ពិសេសបានសហការគ្នារហូតបាននូវសម្មទិផលជាច្រើននៅក្នុងទីវត្តអារាមនេះ។
ជាមួយគ្នានោះលោក លី សារី បានរំលឹកនូវប្រវត្តិព្រឹត្តិការណ៍ នៃមាតុភូមិកម្ពុជាក្នុងអំឡុងពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៨ (៣ឆ្នាំ៨ខែ២០ថ្ងៃ) របបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លិចបំផ្លាញសង្គមជាតិយើងឲ្យវិនាសអន្តរាយហិនហោចដល់ ឫសគល់ ។ មាតុភូមិ និងប្រជាជនកម្ពុជា រួមទាំងវិស័យព្រះពុទ្ធសាសនា និងព្រះសង្ឃ ព្រមទាំងពុទ្ធសាសនិកជនត្រូវទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ខាងបញ្ញាស្មារតី ធនធានមនុស្ស សម្ភារៈបរិក្ខារ និងមធ្យោបាយ ដែលជាដង្ហើមរស់របស់ជាតិយើង លើគ្រប់វិស័យក៏ត្រូវវិនាសអន្តរាយគ្មានសេសសល់ដែរ ។
លោក អភិបាលរងខេត្ត បន្តថា ៖ ក្រោយថ្ងៃជ័យជំនះ ជាប្រវត្តិសាស្ត្រ ៧ មករា ១៩៧៩ លើរបបប្រល័យពូជសាសន៍ យើងបានរួបរួមគ្នាស្ដារ និងកសាង ប្រទេសជាតិយើងឡើងវិញ ចាប់ពីបាតដៃទទេដោយត្រូវឆ្លងកាត់ការលំបាករាប់ម៉ឺនជំពូក ឧបសគ្គតូចធំ រាប់មិនអស់ រហូតបានរស់រានមានជីវិត និងមានការរីកចំរើនលើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រដូចសព្វថ្ងៃនេះ ។ ក្រោមម្លប់នៃសន្តិភាព សមិទ្ធផលជាច្រើនទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបោះជំហានលើមាគ៌ាអភិវឌ្ឍន៍គ្រប់វិស័យយ៉ាងឆាប់រហ័ស ៕
