ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ ចូលរួមក្នុងពិធីសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A សរុបចំនួន ១,០៤៩នាក់

ភ្នំពេញ៖ ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយអភិបាលរងខេត្តថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា និងលោកគ្រូ អ្នកគ្រូ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្ត ដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន ១,០៤៩នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលពិធីនេះបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្មជ្រោយចង្វារ(OCIC)។
សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់រង្វាន់លើកទឹកចិត្តសម្រាប់សិស្សនិទ្ទេសAទាំងអស់ក្នុងម្នាក់ៗទទួលបាន៖ ថវិកា ២លានរៀល, iPad (ជាការឧបត្ថម្ភរបស់ក្រុមហ៊ុនជីពម៉ុង), សៀវភៅអប់រំទូន្មានចំនួន ៣ក្បាល (សៀវភៅ ភិរម្យ អ៊ូ, ក្រម ង៉ុយ និងបណ្ឌិត អ៊ូ ចុង) ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ១៥១៤ ដែលបានស្រាវជ្រាវយកពីប្រទេសហូឡង់មកវិញ) ចំនួន១។
ចំណែកលោកគ្រូ អ្នកគ្រូដែលអញ្ជើញមកចូលរួមជាង២០០នាក់ ក្នុងម្នាក់ៗទទួលបានថវិកា១លានរៀល សៀវភៅអប់រំ២ក្បាល និងផ្ដល់ជូនសាលារៀនដែលសិស្សបាននិទ្ទេសAទាំងអស់ជាង៣០០សាលា ក្នុង១សាលាទទួលបានថវិកា ៣លានរៀល ៕
