ឯកឧត្តម វិចទ័រ ហ្សូនា ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាយោបល់លើកទី៨ របស់មជ្ឈមណ្ឌលថាមពលអាស៊ាន និង កិច្ចប្រជុំគណៈកម្មាធិការ ពិគ្រោះយោបល់អន្តរវិស័យអាស៊ាន

ភ្នំពេញ៖ ឯកឧត្តម វិចទ័រ ហ្សូនា អនុរដ្ឋលេខាធិការនិងជាប្រធានឧត្តមមន្ត្រីថាមពលអាស៊ាន នាថ្ងៃទី១៩ មករា បានអញ្ជើញជាអធិបតីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់លើកទី៨ របស់មជ្ឈមណ្ឌលថាមពលអាស៊ាន និងកិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់អន្តរវិស័យអាស៊ាន ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៣ នេះ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យលើការគ្រប់គ្រងដំណើរការការងាររបស់មជ្ឈមណ្ឌលថាមពលអាស៊ាន រួមមានចំណូលចំណាយប្រចាំឆ្នាំ ការអភិវឌ្ឍធនធានមនុស្ស ការធ្វើសវនកម្មស្ថាប័ន ការគ្រប់គ្រងនិងអនុវត្តគម្រោង ព្រមទាំងការកំណត់ទិសដៅបន្ត សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តផែនការសកម្មភាពកិច្ចសហប្រតិបត្តិការថាមពលអាស៊ាន ដំណាក់កាលទី២ ឱ្យទទួលបានជោគជ័យតាមផែនការត្រឹមឆ្នាំ២០២៥។
ជាមួយគ្នានេះផងដែរ កម្ពុជា ក្នុងនាមជាប្រធានថាមពលអាស៊ាន និងប្រទេសឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានបន្តវេន ក៏បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការពិគ្រោះយោបល់អន្តរវិស័យអាស៊ាន ក្នុងនោះ ភាគីទាំងពីរ បានកំណត់គម្រោងអាទិភាពសម្រាប់វិស័យថាមពលអាស៊ានឆ្នាំ២០២៣ ផងដែរ ៕
