បណ្ឌិត ហ៊ុន ម៉ាណែត៖ សម្តេចតេជោ តែងតែគិតគូរគ្រប់ជ្រុងជ្រោយ និងល្អិតល្អន់ សំដៅធ្វើយ៉ាងណារៀបចំការផ្តល់អត្ថប្រយោជន៍ឱ្យបានច្រើន ជូនដល់កម្មករ-និយោជិត

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សបជាជនកម្ពុជា និងជាអនុប្រធាន គណៈចលនាមហាជន បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តែងតែគិតគូរគ្រប់ជ្រុងជ្រោយ និងល្អិតល្អន់ សំដៅធ្វើយ៉ាងណារៀបចំការផ្តល់អត្ថប្រយោជន៍ ឱ្យបានច្រើន និង ជាអតិបរមា ជូនដល់បងប្អូនកម្មករ-និយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និង ក្រៅប្រព័ន្ធ។
នៅក្នុងឳកាសអញ្ជើញពិសារអាហារសាមគ្គីជាមួយថា្នក់ដឹកនាំសហជីព នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការគិតគូរមិនឈប់ឈរបែបនេះ ប្រៀបបានទៅនឹងឪពុកបង្កើត ដែលតែងតែប្រាថ្នាចង់បាននូវភាពរីកចម្រើនពេញលេញ សម្រាប់កូនក្មួយរបស់លោក ដែលជាកម្មករ-និយោជិតទាំងអស់ ព្រោះក្នុងរយៈជាង ៤០ឆ្នាំ កន្លងមកនេះ សម្តេចតេជោ បានដឹកនាំតាំងតែពីកាលប្រជាជន មានកម្រិតជីវភាពទាប រហូតមានការរីកចម្រើន និងបន្តរុងរឿងសម្បូរហូរហៀរ តទៅទៀត។ ដូច្នេះសូមបន្តមានមោទនភាពចំពោះ សម្តេចតេជោ ប្រមុខដឹកនាំគណបក្សរបស់យើង ដែលតែងមានសច្ចធម៌ ក្នុងការដឹកនាំ គាំទ្រ និងលើកកម្ពស់សិទ្ធិសេរីភាព និងភាពរុងរឿងរបស់ប្រជាជន និង ប្រទេសជាតិ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ក៏បានអំពាវនាវឱ្យបន្តជួយការពារសមិទ្ធផលរបស់គណបក្ស ក៏ដូចជាការពារនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្ស តាមរយៈការចូលរួមទប់ស្កាត់នូវរាល់ការប្រតិដ្ឋព័ត៌មានក្លែងក្លាយ, មួលបង្កាច់, ញុះញុង, ពីសំណាក់ជនអគតិមួយចំនួន ដែលតែងតែចង់ឱ្យប្រទេសជាតិជួបភាពចលាចល ដើម្បីបម្រើនយោបាយចំណេញរបស់ពួកគេ៕
