បណ្ឌិត ហ៊ុន ម៉ាណែត កោតសរសើរគណៈចលនាសហជីព ដែលខិតខំប្រកបដោយសុឆន្ទៈ ភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាល គណបក្សបជាជនកម្ពុជា និងជាអនុប្រធាន គណៈចលនាមហាជន បានកោតសរសើរគណៈចលនាសហជីព ដែលខិតខំប្រកបដោយសុឆន្ទៈ ភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច។
ការកោតសរសើររបស់ឯកឧត្ដមបែបនេះបានធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ខណៈដែលអញ្ជើញពិសារអាហារសាមគ្គីជាមួយថា្នក់ដឹកនាំសហជីព រាជធានីភ្នំពេញ។
មានប្រសាសន៍នាឳកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអរគុណចំពោះបងប្អូនជាប្រធានសហភាពសហជីព សហព័ន្ធសហជីព និងសមាគម ដែលធ្វើការងារពាក់ព័ន្ធជាមួយសេដ្ឋកិច្ចទាំងក្នុង និង ក្រៅប្រព័ន្ធទាំងអស់ ដែលបានខិតខំបំពេញការងារយ៉ាងល្អក្នុងការផ្តល់ការគាំពារ ដើម្បីការពារសិទ្ធិ និង អត្ថប្រយោជន៍ជូនដល់ កម្មករ-និយោជិត ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការងារគណបក្ស និង ការងារសង្គម ជាពិសេសក្នុងអំឡុងពេលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានកោតសរសើរចំពោះគណៈចលនាសហជីព និងស្ថាប័ន-អង្គភាពចំណុះ រួមទាំងក្រុមការងារគ្រប់យន្តការ ក៏ដូចជាសកម្មជនគណបក្សទាំងអស់ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត ប្រកបដោយសុឆន្ទៈ ភាពស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ចយ៉ាងសកម្ម ស្របតាមទិសដៅការងារ និងតួនាទី ដែលគណបក្សថ្នាក់លើបានប្រគល់ជូននាពេលកន្លងមក ។
ឯកឧត្ដមបន្តថា សកម្មភាព និង កាយវិការដ៏ប្រពៃនេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលតែងតែបានខិតខំ និង បន្តយកចិត្តទុកដាក់ធានាបាននូវបរិយាកាសការងារ និង មុខរបរ ឱ្យកាន់តែមានភាពអំណោយផល និង ភាពទូលំទូលាយទាំងបរិមាណ និង គុណភាព ព្រមទាំងធានាធ្វើយ៉ាងណាឱ្យប្រជាជនមានភាពរីកចម្រើនទាំងលើលំនឹងការងារ ប្រាក់បៀវត្សរ៍ ការការពារសិទ្ធិសេរីភាព និងកិច្ចគាំពារសុខុមាលភាពនានា៕
