ឯកឧត្ដម ហ៊ុន ម៉ាណែត ថ្លែងអំណរគុណថ្នាក់ដឹកនាំសាកលវិទ្យាល័យ UME សាខាខេត្តបន្ទាយមានជ័យ ដែល ផ្ដល់អាហារូបករណ៍ជូនដល់សម្ដេចតេជោនិង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ចាប់តាំងពីឆ្នាំ២០១២ ដល់បច្ចុប្បន្ន

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យ UME សាខាខេត្តបន្ទាយមានជ័យ ដែល បានផ្ដល់អាហារូបករណ៍ជូនដល់ សម្ដេចតេជោនិង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ចាប់តាំងពីឆ្នាំ២០១២ ដល់បច្ចុប្បន្ន នេះ សរុបចំនួន ១០០ នាក់។
ក្នុងឳកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារការិយាល័យ នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ឯកឧត្តម បណ្ឌិត បានលើកឡើងថា នេះ គឺជាទឹកចិត្ត និងកាយវិការប្រកបដោយធម៌សប្បុរសថ្លៃថ្លានៅក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។
ជាមួយគ្នានោះឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រងសាកលវិទ្យាល័យ, បុគ្គលិក និងសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ UME សាខាខេត្តបន្ទាយមានជ័យ ដែលបានពុះពារច្នៃប្រឌិតក្នុងការបង្ហាត់បង្រៀននិស្សិតតាមបែបចម្រុះ ទាំងការបង្រៀនដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដើម្បីធ្វើយ៉ាងណាឱ្យនិស្សិតអាចសិក្សារៀនសូត្រដោយគ្មានការអាក់ខានក្នុងរយៈកាលរីករាលដាលនៃជំងឺកូវីដ-១៩ រហូតបានបញ្ចប់ការសិក្សាដោយជោគជ័យ៕
