គណបក្សប្រជាជនឃុំផ្គាំ និងឃុំសារង្គ រៀបចំពិធីអបអរសាទរ ខួបលើកទី៤៤ ថ្ងៃជ័យជម្នះ ៧មករា និងប្រកាសបញ្ចូលសមាជិក សមាជិកាថ្មី ៤២៨នាក់

ភ្នំពេញ៖ នៅស្នាក់ការគណបក្សឃុំផ្គាំ និង ឃុំសារង្គ ស្រុកស្វាយចេក ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានរៀបចំពិធីអបអរសាទរ ខួបលើកទី៤៤ ថ្ងៃជ័យជម្នះ ៧មករា (១៩៧៩-២០២៣)និងពិធីប្រកាសបញ្ចូលសមាជិក សមាជិកាថ្មី សរុបចំនួន៤២៨នាក់ ក្នុងនោះ ឃុំផ្គាំ ចំនួន២៤៦នាក់ ឃុំ សារង្គ១៨២នាក់ ។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការបក្សប្រជាជនខេត្តបន្ទាយមានជ័យ ជាប្រធានក្រុមការងារខ-២៧ ចុះមូលដ្ឋានស្រុកស្វាយចេក និងមានការចូលរួមពីលោក លឿង សុភក្តិ ប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនស្រុក លោក ដា ទឹង អនុប្រធាន គណៈកម្មាធិការនៃគណបក្សប្រជាជនស្រុក ស្វាយចេក និង អស់លោក លោកស្រី ក្រុមការងារខ-២៧ ក្រុមការងារស្រុក ចុះមូលដ្ឋានភូមិ នៃឃុំទាំង២ផងដែរ ។
ថ្លែងនាឱកាសនោះ លោក សិទ្ធិ ឡោះ បានពាំនាំការផ្តាំសួរសុខទុក្ខពីសំណាក់ ឯកឧត្តម កែ គឹមយ៉ាន សមាជិកអចិន្ត្រៃ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងលោកជំទាវឧកញ៉ា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត ឯកឧត្តម ខេង ស៊ុម អនុប្រធានគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត និងឯកឧត្តម ប្លែក វ៉ារី អនុប្រធានប្រចាំការគណៈកម្មាធិការនៃគណបក្សប្រជាជនកម្ពុជាខេត្ត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពុកម៉ែបងប្អូន ។
ជាមួយគ្នានោះ លោក ប្រធានក្រុមការងារ ក៏បានថ្លែងអំណរគុណដល់ពុកម៉ែបងប្អូននិងយុវជន ដែលបានស័្មគ្រចិត្តចូលមករួមរស់ក្នុងជីវភាពនយោបាយនិងគាំទ្រគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
លោក សិទ្ធិ ឡោះ បានគូសបញ្ជាក់ទៀតថា៖ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ មកទល់ឆ្នាំ២០២៣នេះ មានរយៈពេល៤៤ឆ្នាំហើយ ដែលប្រទេសជាតិត្រូវបានរំដោះចេញពីរបបប្រល័យ ពូជសាសន៍ប៉ុលពត ។ គណបក្សប្រជាជនទន្ទឹមនឹងរំដោះប្រទេសជាតិចេញពីក្រញាំបិសាចប៉ុល ពត បានបញ្ចប់សង្រ្គាមដ៏រ៉ាំរ៉ៃ ទទួលបាននូវសុខសន្តិភាពពេញលេញ ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន និងបានស្តារនិងអភិវឌ្ឍប្រទេសឡើងវិញ រហូតមានការរីកចម្រើនមកទល់សព្វថ្ងៃនេះ ។ មួយវិញទៀត ក្នុងដំណាក់កាលនៃពិភពលោក រងគ្រោះដោយសារជម្ងឺកូវីដ-១៩ ក្នុងនោះប្រទេសកម្ពុជាយើងក៏បានទទួលរងគ្រោះផងនោះ ។រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានគិតគូរពីសុខមាលភាពនិងអាយុជីវិតរបស់ប្រជាពលរដ្ឋដោយចាក់ស្រោចវ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ។
ចុងក្រោយ លោក សិទ្ធិ ឡោះ ក៏បានអំពាវនាវដល់ ពុកម៉ែ បងប្អូន ដែលមានអត្តសញ្ញាប័ណ្ណបើបាត់ ខូចឬជិតអស់សុពលភាពនិងអស់សុពលភាព សូមឲ្យរូសរាន់ទៅធ្វើអត្តសញ្ញាណប័ណ្ណថ្មី ។ ព្រោះអត្តសញ្ញាណប័ណ្ណនេះ គឺមានសារៈប្រយោជន៍ច្រើនណាស់ ក្នុងពេលមានតម្រូវការចាំបាច់របស់ បងប្អូនប្រើប្រាស់ក្នុងតម្រូវការផ្សេងៗ ពិសេសពុកម៉ែ បងប្អូនមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតគឺត្រូវមានអត្តសញ្ញាណប័ណ្ណ ដើម្បីយកទៅបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នៅថ្ងៃអាទិត្យទី២៣ ខេកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ។ បន្ទាប់មកគណៈអធិបតី ក៏បានចេកជូនវត្ថុអនុស្សារីយ៍ ដល់សមាជិក សមាជិកាទាំង០២ឃុំ ៤២៨នាក់ ក្នុង០១នាក់ សារុង០១និងថវិកា១ម៉ឺនរៀល ជាអំណោយរបស់ឯកឧត្តម កែ គឹមយ៉ាននិងលោកជំទាវផងដែរ ៕
