ឯកឧត្ដមប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេស ប្តឹងតុលាការឱ្យចេញដីការក្សាការពារដី និងផ្ទះលោក គង់ គាំ នៅផ្លូវសុធារស


ភ្នំពេញ៖ ឯកឧត្ដមប្រាក់ សុខុនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានដាក់ពាក្យប្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យចេញដីការរក្សាការពារដី និងផ្ទះមួយកន្លែង ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលលោក គង់ គាំ កំពុងកាន់កាប់។
ក្រសួងការបរទេស បានសម្រេចប្រគល់សិទ្ធិ ជូនលោក គី តិច រៀបចំបណ្តឹង និងតាមការពារសំណុំរឿង ទាមទារទ្រព្យរដ្ឋ ជូនក្រសួងការបរទេស គ្រប់គ្រងតាមច្បាប់វិញ។
នៅក្នុងពាក្យបណ្តឹងនេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើសុំឱ្យតុលាការចេញដីកាសម្រេចរក្សាការពារចាត់ចែងជាបណ្តោះអាសន្ន ហាមឃាត់មិនឱ្យ លោក គង់ គាំ ធ្វើការលក់ ដូរ ជួល បញ្ចាំ ផ្ទេរ ធ្វើអំណោយ អច្ច័យទាន ប្រទានកម្ម ដាក់ប្រាតិភោគ ឬដាក់ធានាកាតព្វកិច្ច លើអចលនវត្ថុ [ដី និងអគារ] លេខក្បាលដី១១៣ មាន ទំហំ ៥២៩០ [ប្រាំពាន់ពីររយកៅសិប] ម៉ែត្រការ៉េ ស្ថិតនៅភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លេខ ១២០១០១០៥.០១១៣ ចុះថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ ចេញដោយប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ។។
