សម្ដេចតេជោ៖ បើគ្មានរដ្ឋប្រហារឆ្នាំ១៩៧០ ហើយទុកឲ្យសម្ដេចនរោត្ដមសីហនុ ដឹកនាំបន្តទៀតមិនដឹងថា កម្ពុជារីកចម្រើនដល់ណាទេ

ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ និង៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាថ្ងៃទី៣០ ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែនឹកស្រម៉ៃថា ប្រសិនបើពុំមានរដ្ឋប្រហារឆ្នាំ១៩៧០ ហើយទុកឲ្យសម្ដេចព្រះនរោត្ដមសីហនុ ដឹកនាំបន្តទៀតមិនដឹងថា ប្រទេសកម្ពុជា រីកចម្រើនដល់ណាទេ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទោះបីអ្នកជំនាន់មុនបង្កើតសង្គ្រាម តែសម្តេច និងកូនខ្មែរជំនាន់ក្រោយ មានកាតព្វកិច្ចក្នុងការពន្លត់ភ្លើងសង្គ្រាម ។
សម្តេចតេជោ បានរំលឹកថា ការដែលសម្តេចទទួលជួប មេដឹកនាំខ្មែរក្រហម កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺដើម្បីផ្ញើសារទៅកាន់ ៣គោលដៅ រួមមាន៖ ទី១.ចង់ប្រាប់ទៅទាហានខ្មែរក្រហម នៅសេសសល់ឲ្យទម្លាក់អាវុធ ទី២.ផ្ញើសារជូនប្រជាពលរដ្ឋកម្ពុជាថា សង្គ្រាមរយៈពេល ២៨ឆ្នាំ ត្រូវបានបញ្ចប់ហើយ និងទី៣.ផ្ញើសារជូនអន្តរជាតិ សូមអញ្ជើញទស្សនកិច្ច និងវិនិយោគនៅកម្ពុជា ព្រោះសង្គ្រាមបានបញ្ចប់ហើយ ។
សម្តេចតេជោគូសបញ្ជាក់ថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបធ្វើឱ្យកម្ពុជា មានព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កងកម្លាំងតែមួយ និងការគ្រប់គ្រងតែមួយ ៕
