គ្រោះអគ្គីភ័យបង្កនូវសោកនាដកម្មដ៏ធំធេង នៅក្រុងប៉ោយប៉ែត បណ្ដាលឲ្យស្លាប់ និងរបួស ៤០នាក់ ខណៈកំពុងរុករកបន្តទៀត

ភ្នំពេញ៖ មនុស្សប្រមាណជា៣០នាក់ រងបួសធ្ងន់ ស្រាល និងប្រមាណជា១០នាក់ បានស្លាប់ ក្នុងហេតុការណ៍គ្រោះមហន្តរាយអគ្គីភ័យ ឆាបឆេះកាស៊ីណូហ្រែនដាយមិនចំនួន០២អគារទាំងសងដែលមានបុគ្គលិកបម្រើការប្រមាណជា៤០០នាក់ខាងកើតឡើង កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ស្ថិតក្នុងភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមរបាយការណ៍ជំហ៊ានដំបូងរបស់ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបង្ហាញឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ។
នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ ក៏មានវត្ថមាន សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ រួមទាំងប្រតិភូអមដំណើរបានអញ្ជើញចុះទៅដល់ទីតាំងកើតហេតុ ដើម្បីពិនិត្យពីស្ថានភាពផ្ទាល់ ។
នៅក្នុងកិច្ចប្រតិបត្តិការ ពន្លត់អគ្គីភ័យនេះ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាល ជាង៣០០នាក់ រថយន្តពន្លត់អគ្គីភ័យ ចំនួន១១គ្រឿង ដោយសហការជាមួយកម្លាំងសមត្ថកិច្ច អាជ្ញាធរ ជាច្រើនរយនាក់និង មានរថយន្តរបស់ថៃ រថយន្តរបស់ក្រុមហ៊ុនកាស៊ីណូជាច្រើនគ្រឿង ជួយអន្តរាគមន៍ពន្លត់ រហូតមកទល់ពេលនេះ នៅមនិទាន់គ្រប់គ្រងស្ថានការណ៍បានទាំងស្រុងនោះឡើយ ហើយកម្លាំងសមត្ថកិច្ចកម្ពុជាមានកងប្រតិបត្តិការរុករកនិងសង្រ្គោះ គ្រោះមហន្តរាយលេខ៧១១ និងកងពលតូចលេខ៧០ សហការជាមួយកម្លាំងកងសង្រ្គោះរបស់ថៃបាននឹងកំពុងបន្តរុករកអ្នកដែលជាប់គាំងនៅក្នុងបន្ទប់អគារកាស៊ីណូនោះ ឃើញជាបន្តបន្ទាប់ ចំពោះទំហំនៃការខូចខាតនោះ នៅមិនទាន់ដឹងនៅឡើយនោះទេ៕
