ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ ពន្លឺនៃយុត្តិធម៌ ទទួលបានពីដំណើរការកាត់ក្តី ១៦ឆ្នាំកន្លងមកនេះ ជាការបិទទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត របស់ប្រជាជនខ្មែរ ជាជនរងគ្រោះនៃរបបដ៏សាហាវយង់ឃ្នង

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងថា ពន្លឺនៃយុត្តិធម៌ដែលទទួលបាន ពីដំណើរការកាត់ក្តីអស់រយៈកាល ១៦ឆ្នាំកន្លងមកនេះ គឺជាការបិទទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹត របស់ប្រជាជនខ្មែរដែលជាជនរងគ្រោះ នៃរបបដ៏សាហាវយង់ឃ្នង ។
ក្នុងពិធីផ្ទេរ-ទទួលទីតាំងអតីតសាលាក្តីខ្មែរក្រហម មកក្រោមការគ្រប់គ្រងរបស់ បញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី២៨ ខែធ្នូ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ មិនមានអត្ថន័យត្រឹមតែជាការផ្ទេរ-ទទួលអគារប៉ុណ្ណោះទេ ប៉ុន្តែគឺជាសក្ខីភាពនៃការបិទបញ្ចប់ទាំងស្រុងនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម ដោយប្រែក្លាយពីទីកន្លែងផ្តល់យុត្តិធម៌ទៅជាទីកន្លែងសម្រាប់បន្តការងារការពារជាតិវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានប្រគល់មួយផ្នែកនៃទីតាំងយោធានេះ សម្រាប់បម្រើឱ្យដំណើរការកាត់ក្តីខ្មែរក្រហមចាប់តាំងពីឆ្នាំ២០០៦ មក។
ឯកឧត្តមឧត្តមសេនីយ៍ឯក បញ្ជាក់យ៉ាងដូច្នេះថា «ពន្លឺនៃយុត្តិធម៌ដែលទទួលបានពីដំណើរការកាត់ក្តីអស់រយៈកាល ១៦ ឆ្នាំកន្លងមកនេះ គឺជាការបិទទំព័រប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់ប្រជាជនខ្មែរដែលជាជនរងគ្រោះនៃរបបដ៏សាហាវយង់ឃ្នង ក៏ដូចជាសម្រាប់មនុស្សជាតិទាំងមូល» ។
ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បន្ថែមថា មួយវិញទៀត តុលាការនេះក៏បានផ្តល់ឱ្យពលរដ្ឋខ្មែរ ជាពិសេសអ្នកជំនាន់ក្រោយ នូវឱកាសបានដឹង និងបានឃើញជាក់ស្តែងនូវដំណើរការកាត់ក្តីមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតចំពោះឧក្រិដ្ឋកម្មដែលត្រូវបានប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីជាការអប់រំ និងការចងចាំអំពីសោកនាដកម្មដែលមិនត្រូវឱ្យកើតមានឡើងសាជាថ្មីម្តងទៀតឡើយទាំងនៅកម្ពុជា និងក្នុងពិភពលោកទាំងមូល ៕
