រកឃើញចាបព្រៃវែងជិតផុតពូជបំផុតចំនួន ២ ៧៨០ក្បាល នៅតំបន់បឹងព្រែកល្ពៅ

ភ្នំពេញ៖ អង្គការ Nature Life បានឱ្យដឹងថា ចាបព្រៃវែង ដែលជិតផុតពូជបំផុតលើលោក ចំនួន ២ ៧៨០ក្បាល ត្រូវបានកត់ត្រានៅតំបន់បឹងព្រែកល្ពៅ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ក្នុងខេត្តតាកែវ។
តំបន់ការពារទេសភាពបឹងព្រែកល្ពៅ ជាតំបន់ដ៏សំខាន់មួយ ដែលគាំទ្រដល់ការរស់នៅរបស់សត្វចាប់ព្រៃវែង ក្នុងដំណើរផ្លាស់ទីប្រចាំឆ្នាំរបស់ពួកវា។ សត្វចាបព្រៃវែងគឺជាសត្វទេសន្តប្រវេសន៍ និងដែលជិតផុតពូជបំផុតក្នុងលោក។
ក្នុងខែធ្នូ ឆ្នាំ២០២២នេះក្រុមការងាររបស់ អង្គការ Nature Life បានផ្សព្វផ្សាយអំពីលទ្ធផល នៃការអង្កេតតាមដានសត្វចាបព្រៃវែង នាតំបន់បឹងព្រែកល្ពៅ ដោយបានកត់ត្រាចំនួនដែលខ្ពស់បំផុតក្នុង ឆ្នំា២០២២មានចំនួនប្រមាណជា ២ ៧៨០ក្បាល នេះជាចំនួនដ៏ច្រើនដែលមិនធ្លាប់កត់ត្រាពីពេលមុនមក។
សូមរំលឹកថា រាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថានកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ បានចេញអនុក្រឹត្យ បង្កើតតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលមានផ្ទៃដីទំហំ៨ ៣០៥ហិកតា ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តតាកែវ។ តំបន់ការពារទេសភាពបឹងព្រែកល្ពៅ គឺជាតំបន់សក្តានុពល ដែលសម្បូរទៅដោយសត្វស្លាបព្រៃ ដែលមានសត្វស្លាប និងសត្វស្លាបកម្រៗជាង៤០ប្រភេទកំពុងរស់នៅ និង រកចំណីនៅទីនោះ៕
