នាយឧត្តមសេនីយ៍ សេង ផល្លី៖ បណ្ឌិត្យសភានគរបាលកម្ពុជា នឹងបន្ដបើកវគ្គបណ្ដុះបណ្ដាលជំនាន់ទី៣ នៅដើមខែមករា ឆ្នាំ២០២៣ ខាងមុខនេះ

ភ្នំពេញ៖ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានលើកឡើងថា បណ្ឌិត្យសភានគរបាលកម្ពុជា នឹងបន្ដបើកវគ្គបណ្ដុះបណ្ដាលជំនាន់ទី៣ បន្ដទៀត ដែលគ្រោងនឹងចាប់ផ្ដើមនៅដើមខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។
នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត១ និងកម្រិត២ ជំនាន់ទី២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា, អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ដែលពិធីនេះប្រារព្ធធ្វើឡើង នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ក្នុងពិធីនេះ ឯកឧត្ដម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើសេចក្ដីរាយការណ៍សង្ខេបជូន សម្តេចក្រឡាហោម ស ខេង និងអង្គពិធីឱ្យបានជ្រាប ថា ដើម្បីអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ទាក់ទងទៅនឹងកំណែទម្រង់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញផែនការអភិវឌ្ឍន៍ធនធានមនុស្សផ្នែកងកម្លាំងនគរបាលជាតិ ព្រមទាំងផ្ដល់ការគាំទ្រយ៉ាងសកម្ម និងបានឧបត្ថម្ភជាបន្ដបន្ទាប់ ដើម្បីជំរុញវឌ្ឍនៈភាពនៃបណ្ឌិត្យសភានគរបាលកម្ពុជា ឱ្យមានលក្ខណៈសម្បត្តិសមស្រប ក្នុងការបណ្ដុះបណ្ដាលមន្ដ្រីនគរបាលជាតិ ប្រកបដោយគុណភាព សមត្ថភាព ជំនាញ វីជ្ជាជីវៈ និងសីសធម៌ល្អ ជាដើម ដើម្បីឱ្យឆ្លើយតបទៅនឹងតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំងនគរបាល និងសភាពការណ៍សន្ដិសុខជាតិ និងអន្ដរជាតិ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ បន្ដថា ផ្អែកលើបញ្ហាខាងលើនេះ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យរៀបចំបើកវគ្គបណ្ដុះបណ្ដាលដល់មន្ដ្រីនគរបាលជាតិ ដែលពុំទាន់បានឆ្លងកាត់វគ្គសិក្សាទាក់ទងទៅនឹងជំនាញវីជ្ជាជីវៈនគរបាល ហើយរហូតមកដល់ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលនេះបានចំនួន២ជំនាន់រួចមកហើយ ដែលមានសិក្ខាកាមសរុប ៣០៣នាក់ ក្នុងនោះ នារី ២១នាក់ ខណៈបណ្ឌិត្យសភានគរបាលកម្ពុជា នឹងបន្ដបើកវគ្គបណ្ដុះបណ្ដាលជំនាន់ទី៣ បន្ដទៀត ដែលគ្រោងនឹងចាប់ផ្ដើមនៅដើមខែមករា ឆ្នាំ២០២៣ ខាងមុខនេះ។
ឯកឧត្ដម នាយឧត្តមសេនីយ៍ បន្ថែមថា ដូច្នេះការដាក់ឱ្យដំណើរការ នៃវគ្គសិក្សាទាំងពីរជំនាន់នេះ បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងបំពេញភារៈកិច្ចរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយអនុវត្តតាមកម្មវិធីកំណែទម្រង់របស់ខ្លួន និងផែនការអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រសួងមហាផ្ទៃ ក្នុងការពង្រឹងសមត្ថិភាពកងកម្លាំងនគរបាលជាតិ តាមរយៈការបណ្ដុះបណ្ដាលដ៏ត្រឹមត្រូវបំផុត។នគរបាលក្នុងមុខតំណែង ដើម្បីលើកម្ពស់ប្រសិទ្ធភាពតាម តួនាទីអង្គភាពនរគបាលនីមួយៗ។ លើសពីនេះ វគ្គនេះ ក៏មានសារៈសំខាន់សម្រាប់សិក្ខាកាមទាំងអស់ ព្រោះកម្មវិធីបណ្តុះបណ្តាលនេះបានតម្រង់ទិសក្នុងការបំពេញតួនាទី ភារកិច្ចទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ ថ្វីដ្បិតតែវគ្គបណ្តុះបណ្តាលនេះ មានរយៈពេលខ្លីក៏ពិតមែន តែចំពោះខ្លឹមសារ នៃការបណ្តុះបណ្តាល ត្រូវបានសម្រឹតសម្រាំងល្អៗ ដើម្បីបំពេញរាល់ចំណេះដឹង លើចំណេះដឹង និងជំនាញដែលសិក្ខាកាមមានស្រាប់ ៕
