លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ទោះបីការបោះជំរំមានរយៈពេលខ្លី ប៉ុន្តែជឿជាក់ថាប្អូនៗទទួលបានបទពិសោធន៍ជាច្រើនក្នុងការបោះជំរុំនេះ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃ សមាគមកាយឫទ្ធិនារីកម្ពុជា បានមានប្រសាសន៍ថា ទោះបីការបោះជំរំនេះមានរយៈពេលខ្លីក៏ដោយ ប៉ុន្តែជឿជាក់ថាប្អូនៗទទួលបានបទពិសោធន៍ជាច្រើនក្នុងការបោះជំរុំនេះ។
លោកជំទាវមានប្រសាសន៍បែបនេះ នៅក្នុងកម្មវិធីបោះជំរំប្រចាំឆ្នាំ២០២២នៃសមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមប្រធានបទ “អំណាចនៃភាពជឿជាក់”។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា ទាំងអស់គ្នាបានមកជួបជុំគ្នានាពេលនេះ ហៅថាការបោះជំរុំខ្នាតធំ ប្រចាំឆ្នាំរបស់សមាគមការងារនារីកាយឬទ្ធិកម្ពុជានៅក្នុងខេត្តកំពង់ស្ពឺ។ ហេតុអីបានយើងចាប់ផ្ដើមមកថាអំណាចនៃភាពជឿជាក់ ព្រោះថាគោលបំណងនៃការចូលកាន់សមាគមកាយឫទ្ធិនារីកម្ពុជាធ្វើឱ្យប្អូនៗមានភាពជឿជាក់លើខ្លួនឯង ទីពីរបង្កើតភាពទំនាក់ទំនងគ្នា(Network) ការធ្វើការជាក្រុម និងភាពជាអ្នកដឹកនាំ និងទីបី សមាជិកសមាជិកាទាំងអស់ទទួលបាននូវចំណេះដឹងជំនាញជាច្រើនទៀតសម្រាប់ការរៀនសូត្រ និងការរស់នៅ។ ក្រៅពីនោះយើងនៅមានសកម្មភាពសង្គមជាច្រើនទៀត។
លោកជំទាវបន្តថា “ទោះបីការបោះជំរំនេះមានរយៈពេលខ្លីក៏ដោយ ប៉ុន្តែលោកជំទាវជឿជាក់ថាប្អូនៗទទួលបានបទពិសោធន៍ជាច្រើនក្នុងការបោះជំរុំនេះ ព្រោះថាប្អូនមកពីកន្លែងផ្សេងគ្នាលក្ខខណ្ឌផ្សេងគ្នាប៉ុន្តែយើងធ្វើការរួមគ្នាជាក្រុមរំលែកបទពិសោធន៍ទៅវិញទៅមក”។
សូមបញ្ជាក់ថា បន្ទាប់ពីសកម្មភាពបើកកម្មវិធីបោះជំរុំ យុវតី និងមេដឹកនាំក្រុម និងប្រធានក្រុមប្រឹក្សាខេត្តនៃសមាជិកាសកម្មទាំងអស់សរុបជាង ១០០ នាក់បានចូលរួមលេងល្បែងកំសាន្ត (Team Building) ដើម្បីរៀនចំណេះដឹងថ្មីៗតាមរយៈការសហការ បង្កើតសាមគ្គីភាព និងស្មារតីក្នុងការទទួលបានជោគជ័យជាក្រុមរួមគ្នាប្រកបដោយភាពសប្បាយរីករាយ និងស្និទ្នស្នាលក្រៃលែង៕
